សត្វព្រៃ ១០ ប្រភេទដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បន្តមានវត្តមានដល់បច្ចុប្បន្ន

នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចង្អុល​បង្ហាញ​ថា សត្វ​ព្រៃ​ប្រមាណ​ជា​ ១០ ប្រភេទ​ ដែល​ក្រុម​ការងារ​គម្រោង ​ធ្លាប់​បាន​ដោះលែង​ ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​ នៃ​ឧទ្យាន​អង្គរនៅ​តែ​បន្ត​មាន​វត្តមាន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។  នា​ពេល​កន្លង​មក​ក្រុម​ការងារ​គម្រោង ​ទទួលបាន​​​ជោគជ័យ​​នៅ​ក្នុង​ការ​ដោះលែង​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ចូល​ក្នុង​ព្រៃ​ធម្មជាតិនៃ​ឧទ្យាន​អង្គរ។ ជាក់ស្ដែងសត្វ​ព្រៃ​ប្រមាណ​​ ១០​ប្រភេទ​ បាន​ដោះ​លែង​​នោះ​មាន​ដូចជា សត្វ​ទោច​មកុដ (Pileated gibbon) ចំនួន ១៥ ក្បាល (កើត​កូន​បាន​ចំនួន ៧ ក្បាល), សត្វ​ឈ្លូស (Red muntjac) ចំនួន ៦​ក្បាល, សត្វ​ស្វា​ព្រាម (Silvered langurs) ចំនួន ១២ ក្បាល, សត្វ​សំពោច​​ក្រអូប (Common palm civets) ចំនួន ៥ក្បាល, សត្វ​ភេ​ខ្លួន​រលោង(Smooth-coated otter) ចំនួន​ ៨ក្បាល (កើត​កូន​បានចំនួន ៥ក្បាល), សត្វ​ឆ្មារ​ដាវ(Leopard Cat) ចំនួន ២ក្បាល, កេង​កង​តូច (Oriental Pied Hornbill) ចំនួន ៧ក្បាល, កេង​កងធំ(Great Hornbill) ចំនួន ៦ក្បាល, ព្វាំង(Wreathed Hornbill) ចំនួន ៧ក្បាល, សត្វ​ក្ងោក(Peafowl) ចំនួន ៩ក្បាល, សត្វអន្សង(Common Water Monitor) ចំនួន ១ក្បាល និង​សត្វ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។ មក​ដល់​បច្ចុប្បន្ន​សត្វ​ ទាំង​អស់​ដែល​បាន​ដោះលែង គឺ​នៅ​តែ​មាន​វត្តមាន​នៅ​ទី​នោះ​នៅឡើយ ក្រោម​ការ​​យក​ចិត្ត​ទុក​ដាក់​តាម​ដាន និង​ថែ​ទាំ ជា​ប្រចាំពី​ក្រុម​ការងារ។  ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រសួង​វប្បធម៌ បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោម​កិច្ច​សហការ រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃ​ឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance សំពោច​ក្រអូប​ ញី ឈ្មោល មួយ​គូ ​ដែល​យក​មក​ពី​មណ្ឌល​សង្គ្រោះ សត្វ​ព្រៃ​ភ្នំ​តាម៉ៅ យក​មក​ផ្សាំ​ង​ក្នុង​ទ្រុង ក្រុម​ការងារ​គម្រោង ក៏​នឹង​ដោះលែង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ នៃ​ឧទ្យាន​អង្គ​នៅ​ពេល​ខាងមុខ។  ហេតុ​ដូចនេះ ដើម្បី​ឱ្យ​សត្វ​ព្រៃ​ទាំង​អស់​បន្ត​វត្តមាន​នៅ​ក្នុង​ព្រៃ​ធម្មជាតិ នៃ​ឧទ្យាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​​អំពាវនាវ​ដល់​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ តំបន់​នោះ ចូលរួម​ថែ​រក្សា​សត្វ​ព្រៃ​​ ព្រម​ទាំង​បញ្ឈប់​ការ​ដាក់​អន្ទាក់​សត្វ​គ្រប់​ប្រភេទ និង​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំង​នោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង