មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រំពឹងទទួលកំណើនទេសចរណ៍ឡើងវិញ
ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងដូចជាប្រាង្គប្រាសាទបុរាណ ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មកម្រ ប្រវត្តិសាស្ត្រសម័យ លោកម្ចាស់ និងអាណានិគម។ ក្រៅពីនេះនៅមានដងស្ទឹង ភ្នំ ព្រៃព្រឹក្សា បឹងបួរធម្មជាតិជាសក្តានុពលបម្រើឲ្យវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ស្រាវជ្រាវ និងសម្រាកលំហែកាយ។ បើទោះបីយ៉ាងនេះក្តី សម្រាប់ខេត្តបាត់ដំបងក្នុងមួយឆ្នាំចុងក្រោយនេះបានធ្លាក់ចុះនៃកំណើនភ្ញៀវទេសចរគួរឲ្យកត់សម្គាល់ ខណះដែលកំណើនភ្ញៀវទេសចរសរុបក្នុងឆ្នាំ២០២២ មានចំនួន ៥៥៥,២៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៨, ៤៦៩នាក់។ បើប្រៀបធៀបក្នុងឆ្នាំ២០២៣ មានកំណើនភ្ញៀវទេសចរសរុបត្រឹមតែ ៣០៣,២៦១នាក់ប៉ុណ្ណោះ ក្នុងនោះមានភ្ញៀវទេសចរបរទេស ១៥,៦៧៥នាក់ផង។ ក្នុងស្ថានភាពនៃការធ្លាក់ចុះកំណើនភ្ញៀវទេសចរលើទឹកដីខេត្តបាត់ដំបងនេះហើយ ដែលជំរុញឲ្យមន្ត្រីជំនាញក្រសួងចុះអង្កេតស្រាវជ្រាវទៅលើគោលដៅស្រុកសំខាន់ៗចំនួន ៦ នៃខេត្តបាត់ដំបងក្នុងនោះមានដូចជា ក្រុងបាត់ដំបង ស្រុកឯកភ្នំ, ស្រុកបាណន់, ស្រុកសង្កែ, ស្រុករតនមណ្ឌល និងស្រុកសំឡូត ដើម្បីស្វែងរកចំណុចអវិជ្ជមានក្នុងការខ្វះចន្លោះជាហេតុធ្វើឲ្យកំណើនភ្ញៀវទេសចរថយចុះយ៉ាងគំហុកបែបនេះ។ ជុំវិញកំណើនភ្ញៀវទេសចរធ្លាក់ចុះក្នុងខេត្តបាត់ដំបងនេះ លោក កើត ពុទ្ធចឌី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងនៅក្នុងសិក្ខាសាលាមួយដែលបានធ្វើឡើងរយះពេល ២ ថ្ងៃលើទឹកដីខេត្តបាត់ដំបងកាលពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនាកន្លងទៅថា បម្រែបម្រួលនិន្នាការទេសចរណ៍ពិភពលោក តម្រូវឱ្យមានការសិក្សាអង្កេតនិងចងក្រងឯកសារតាមដានផលប៉ះពាល់នានាជាប្រចាំ។ សិក្ខាសាលារយះពេល២ថ្ងៃខាងលើនេះ ធ្វើឡើងក្រោយក្រុមការងារបានធ្វើការស្រាវជ្រាវនិងអង្កេតលើស្រុក/ក្រុងចំនួន០៦ បានរកឃើញចំណុចខ្វះខាតចំនួន ១១ ចំណុចក្នុងនោះមាន÷
១,តម្លៃទំនិញនិងសេវាកម្មក្នុងតំបន់មានការកើនឡើងធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ។
២,ធ្វើឱ្យតម្លៃអចលនទ្រព្យ (ដីផ្ទះ.ហាង.អគារ.ជាដើម) ក្នុងតំបន់មានការកើនឡើងខ្ពស់។
៣,ការវិយោគរបស់ជនបរទេសក្នុងអាជីវកម្មទេសចរណ៍ មិនបានផ្ដល់ឱកាសការងារច្រើនដល់ប្រជាជនក្នុងសហគមន៍
៤,ការចំណាយរបស់ទេសចរ មិនបានផ្តល់ផលប្រយោជន៍ទាំងស្រុងដល់ប្រជាជននិងសហគមន៍របស់អ្នក។
៥,វិស័យទេសចរណ៍ បានជំរុញឱ្យមានការកើនឡើងនូវលំហូរវប្បធម៌បរទេសមកក្នុងតំបន់។
៦,កំណើនទេសចរ ធ្វើឱ្យមានការកើនឡើងនូវអំពើអសន្តិសុខ។
៧,កំណើនទេសចរ ធ្វើឱ្យមានការកើនឡើងនូវការជួញដូរផ្លូវភេទនិងកុមារ។
៨,កំណើនទេសចរ ធ្វើឱ្យមានការកកស្ទះពិបាកធ្វើដំណើរក្នុងតំបន់របស់អ្នក។
៩,កំណើនទេសចរ ធ្វើឱ្យមានការបំពុលបរិស្ថាន (កើនឡើងកាកសំណល់រឹង.រាវ)។
១០,កំណើនទេសចរ ធ្វើឱ្យបាត់សោភ័ណ្ឌភាពនិងខូចទ្រង់ទ្រាយដើម (ការកើនឡើងនូវសំណង់អាគារខ្ពស់ៗ)។
១១,កំណើនទេសចរធ្វើឱ្យមានសំណឹក (ប្រាង្គប្រាសាទនានា)។ លោក ហម អារុណ ប្រធានការិយាល័យទេសចរណ៍ ឧស្សាហកម្ម នៃមន្ទីរទេសចរណ៍ខេត្តបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ២០២៣ ថា លោកបានទទួលស្គាល់ចំពោះការវាយតម្លៃលើចំណុចទាំង ១១ ខាងលើដែលខាងក្រសួងបានរកឃើញ។ ក្រោយពីខាងក្រសួងបានណែនាំខាងមន្ទីរបានសម្រេចអនុវត្តភ្លាមៗរហូតមកដល់ពេលនេះ គឺលទ្ធផលបានជាផ្លែផ្កាល្អមួយចំនួនធំហើយ។ លោកអះអាងដោយសុទិដ្ឋិនិយមថា ខេត្តបាត់ដំបងនឹងទទួលបានកំណើនភ្ញៀវទេសចរតាមការរំពឹងទុកនាឱកាសខាងមុខតាមរយះការចូលមកទស្សនាកម្សាន្តប្រកបដោយភាពកក់ក្តៅបំផុតទាំងការដើរកម្សាន្ត ទាំងការស្នាក់នៅដោយលោកប្រៀបធៀបថា ដូចជាការរស់នៅក្នុងគ្រួសារដោយកក់ក្តៅចឹងដែរ ក្រោយពីបានអនុវត្តលើចំណុចអវិជ្ជមានទាំង១១ខាងលើបានជាស្ថាពរ។ លោកបានចាត់ទុកថា នេះជាការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំលើវិស័យទេសចរណ៍ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ចូលរួមស្ថារសេដ្ឋកិច្ចសង្គមក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀត។ លោកបន្តថា ក្រោយពីបានបំពេញកង្វះខាតលើចំណុចអវិជ្ជមានមួយចំនួនបានប្រសើរឡើង ខេត្តបាត់ដំបងនឹងទទួលបានកំណើនភ្ញៀវកាន់តែខ្ពស់ឡើងវិញ។ ខេត្តបាត់ដំបងមានរមណីយដ្ឋានទេសចរណ៍មាន ២២ ទីតាំង ក្នុងនោះ សហគមន៍និងអេកូទេសចរណ៍ មាន ០៤ ទីតាំង សារមន្ទីរមាន ០២ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង កសិទេសចរណ៍មាន ០៤ ទីតាំង សរុបគោលដៅមាន ១១៥ ទីតាំង៕ សម្រួលដោយ ទៀង បុណ្ណរ