បក្ស​ប្រជាធិបតេយ្យ​​អាម៉េរិក លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​គ្រាប់បែក​ចង្កោម ខណៈកម្ពុជាក៏ធ្លាប់រងគ្រោះដោយសារវា

សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ធីម ខេន (Tim Kaine) និងលោកស្រី បាបារ៉ា លី (Barbara Lee) បានលើកឡើងពីការព្រួយបារម្ភជុំវិញការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។  លោក ខេន បានលើកឡើងថា លោកមានមន្ទិលអំពីការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមដ៏សាហាវទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះវាអាចជំរុញឱ្យប្រទេសដទៃទៀតងាកចេញពីអនុសញ្ញាអន្តរជាតិដែលរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ។ លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យទី៩​ ខែកក្កដាថា វាអាចផ្តល់ភ្លើងខៀវដល់ប្រទេសផ្សេងទៀត ដើម្បីធ្វើអ្វីដែលច្បាប់ហាមឃាត់ផងដែរ។ ទោះ​ជា​យ៉ាង​ណា​លោក​បាន​បន្ថែម​ថា ​លោក​បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋបាល​លោក បៃឌិន ដែលហ៊ាន ​ប្រឈម​នឹង​ហានិភ័យ។ ស្របពេលដែល លោកស្រី លី បានជំរុញឱ្យរដ្ឋបាលលោក បៃឌិន ពិចារណាឡើងវិញនូវជំហាននេះឡើងវិញ។ លោកស្រីបានប្រាប់សារព័ត៌មាន CNN ថា៖ «គ្រាប់បែកចង្កោមមិនគួរត្រូវបានប្រើប្រាស់ទេ។ សហរដ្ឋអាម៉េរិកប្រថុយនឹងការបាត់បង់ភាពជាអ្នកដឹកនាំខាងសីលធម៌ ដោយការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែន»។  អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានការពារការសម្រេចចិត្តនេះ ហើយនិយាយថា សហរដ្ឋអាម៉េរិកបានផ្តោតយ៉ាងខ្លាំងលើកិច្ចខិតខំប្រឹងប្រែងដោះមីន នៅក្នុងប្រទេសអ៊ុយក្រែន។ លោក ឃឺប៊ី បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ ABC ថា៖ «យើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការព្រួយបារម្ភអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។ លោក​​បន្ត​ថា​ ​ប៉ុន្តែ​គ្រាប់​បែក​ទាំង​នេះ​ផ្តល់​នូវ​សមត្ថភាព​សមរភូមិ​ដ៏​មាន​ប្រយោជន៍។ លោកបានបន្ថែមថា រុស្ស៊ីកំពុងប្រើប្រាស់គ្រាប់បែកចង្កោមក្នុងប្រទេសអ៊ុយក្រែន និងសម្លាប់ជនស៊ីវិលដោយមិនរើសមុខ ខណៈពេលដែលប្រជាជនអ៊ុយក្រែននឹងប្រើប្រាស់ពួកគេ ដើម្បីការពារទឹកដីរបស់ខ្លួន។ ចំណែក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែននៅក្នុងការធានាជាលាយលក្ខណ៍អក្សររបស់ខ្លួន បានអះអាងថា នឹងមិនប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងប្រទេសរុស្ស៊ី ឬនៅក្នុងតំបន់ដែលមានប្រជាជននោះទេ។  លោក មីឃើល ម៉ាកខូល (Michael McCaul) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ បានលើកឡើងថា ការវាយលុករបស់អ៊ុយក្រែន កំពុងដំណើរការបន្តិចម្ដងៗ ហើយថាគ្រាប់បែកចង្កោមអាចជួយប្រជាជនអ៊ុយក្រែនទទួលបានជ័យជម្នះ។ សហរដ្ឋអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃសុក្រទី៧ ខែកក្កដាកន្លងទៅថា ខ្លួននឹងផ្គត់ផ្គង់ទីក្រុងកៀវនូវគ្រាប់បែកដែលត្រូវបានហាមឃាត់យ៉ាងទូលំទូលាយ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយសន្តិសុខថ្មីចំនួន៨០០លានដុល្លារ នឹងនាំមកនូវជំនួយយោធាសរុបរបស់សហរដ្ឋអាម៉េរិកកើនដល់ជាង៤០ពាន់លានដុល្លារ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្រុមសិទ្ធិមនុស្ស និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញូ ហ្គូទើរ៉េស (Antonio Guterres) បានចោទសួរការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីការបញ្ជូនអាវុធដ៏គ្រោះថ្នាក់បែបនេះ។ គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយប្រទេសជាង១០០។ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ការប្រើប្រាស់ និងការផ្ទេរអាវុធនោះទេ។ ជាធម្មតា គ្រាប់បែកប្រភេទនេះអាចសម្លាប់មនុស្សដោយមិនរើសមុខលើផ្ទៃដីធំទូលាយ ហើយទោះជាជម្លោះត្រូវបានបញ្ចប់ជាច្រើនទសវត្សរ៍ ក៏វានៅតែបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ។  គួររំឭកថា សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​គ្រាប់បែក​រាប់​លាន​គ្រាប់​មក​លើ​ប្រទេស​កម្ពុជា និង​ឡាវ ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ និង១៩៧០ ក្នុង​ការ​ប៉ុនប៉ង​វាយ​ប្រហារ​មូលដ្ឋាន​កុម្មុយនីស្ដ។ ហើយបន្ទាប់ពីរយៈពេល៣០ឆ្នាំនៃសង្រ្គាមស៊ីវិលបានបញ្ចប់នៅឆ្នាំ១៩៩៨។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឈមនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើនបំផុតនៅលើពិភពលោក។ ប្រជាជនកម្ពុជាប្រហែល២០០០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីបានដើរជាន់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកេរដំណែលនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក និងចម្ការមីនដែលបន្សល់ទុកពីជម្លោះ។ ការងារបោសសម្អាតនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាថានឹងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់នៅឆ្នាំ២០២៥។ កាល​ពី​ខែ​មករា ក្រុម​អ្នក​ដោះ​មីន​អ៊ុយក្រែន​មួយ​ក្រុម​ បាន​មក​ទស្សនា​ចម្ការ​មីន​កម្ពុជា ដើម្បី​រៀន​ពី​បទពិសោធ​ជូរចត់​រាប់​ទសវត្សរ៍របស់កម្ពុជាផងដែរ…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង