ស្ពានកោះនរាឈានទៅតភ្ជាប់កំណាត់ចុងក្រោយ គ្រោងបញ្ចប់មុនផែនការ
ការដ្ឋានស្ពានកោះនរាកំពុងឈានទៅតភ្ជាប់កំណាត់ចុងក្រោយ ហើយបើតាមមើលជាក់ស្តែងអាចបញ្ចប់មុនផែនការនៅចុងឆ្នាំ២០២៣។ កាលពីម្សិលមិញ ក្រុមព័ត៌មានកម្ពុជាថ្មីបានធ្វើដំណើរពិនិត្យមើលពីវឌ្ឍនភាពគម្រោងសាងសង់ស្ពានកោះនរាឃើញថាសម្រេចបានលទ្ធផលយ៉ាងច្រើន។ ក្រុមកម្មករកំពុងឈានទៅតភ្ជាប់កំណាត់កណ្តាលស្ពានចុងក្រោយ ខណៈកំណាត់នៅសងខាងស្ពានក៏បានរៀបចំរួចរាល់ហើយដែរ។ អ្នកដំណើរដែលជិះសាឡាងទៅមក ក៏តែងតែសម្លឹងមើលការដ្ឋានស្ពានដែលកំពុងសាងសង់ ខណៈពួកគាត់មើលឃើញពីសារសំខាន់និងភាពចាំបាច់របស់ស្ពាននេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅដែលបច្ចុប្បន្នមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ ស្ពានកោះនរាជាគម្រោងរបស់ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ចំណាយការសាងសង់ជាង ៣៨លានដុល្លារអាមេរិ។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤ ,៥០ម៉ែត្រ មាន ៤ គន្លង គឺ ២ គន្លងសម្រាប់រថយន្ត ១ គន្លងសម្រាប់ម៉ូតូ និង ១ គន្លងទៀត សម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរាបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣។ តែបើតាមមើលឃើញជាក់ស្តែងការដ្ឋានស្ពានអាចបញ្ចប់មុនផែនការ ហើយអាចដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នក្នុងពេលឆាប់ៗខាងមុខនេះដើម្បីសម្រួលចរាចរណ៍ និងបញ្ចៀសការកស្ទះនៅលើស្ពានព្រះមុនីវង្ស៕ សម្រួលដោយ ទៀង បុណ្ណរី