ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់១១៣នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩០នាក់ជាសះស្បើយ
TNM(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូត១១៣នាក់ ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង១១៣នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ១០៣នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តកណ្តាល៣នាក់ ខេត្តព្រះសីហនុ៣នាក់ និងខេត្តកំពតម្នាក់។
ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៩០នាក់វិញ ក្នុងនោះមានអ្នកដំណើរមកពីក្រៅប្រទេស ២នាក់ និង៨៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣០២៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៤៩៦នាក់, អ្នកជាសះស្បើយចំនួន ១៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៨៥នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕