ទឹកជំនន់ និងបាក់ដីនៅប៉ាគីស្ថាន សម្លាប់មនុស្ស ៥០នាក់
មនុស្សយ៉ាងតិច៥០នាក់ រួមទាំងកុមារ៨នាក់ផងដែរ ត្រូវបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់និងការរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុង ដែលវាយប្រហារប្រទេសប៉ាគីស្ថាន ចាប់តាំងពីខែមុនមក។ ជារៀងរាល់ឆ្នាំ នៅចន្លោះខែមិថុនាដល់ខែកញ្ញា ខ្យល់មូសុងរដូវក្តៅ តែងតែនាំទឹកភ្លៀងក្នុងកម្រិតប្រមាណ៧០%ទៅ៨០% មកកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ ទឹកភ្លៀងមានសារៈសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅរបស់កសិករ និងសន្តិសុខស្បៀងនៅក្នុងតំបន់ ដែលមានប្រជាជនប្រហែល២ពាន់លាននាក់មួយនេះ ប៉ុន្តែវាក៏នាំមកនូវគ្រោះមហន្តរាយដូចជា ការរអិលបាក់ដីនិងទឹកជំនន់ផងដែរ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ AFP ថា ការស្លាប់មនុស្សចំនួន៥០នាក់ និងរបួស៨៧នាក់ ត្រូវបានរាយការណ៍ក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់ផ្សេងៗគ្នា ទូទាំងប្រទេសប៉ាគីស្ថាន ចាប់តាំងពីការចាប់ផ្តើមនៃរដូវខ្យល់មូសុងនៅថ្ងៃទី២៥ខែមិថុនាមក។ យោងតាមទិន្នន័យផ្លូវការ, ភាគច្រើននៃអ្នកស្លាប់គឺស្ថិតនៅក្នុងខេត្ត Punjab ភាគខាងកើត ហើយមួយចំនួនធំ គឺដោយសារតែការឆក់ខ្សែភ្លើង និងបាក់អគារ។ មន្ត្រីនៅទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា នៅទីនោះ ទឹកភ្លៀងបានធ្លាក់ក្នុងកម្រិតបំបែកកំណត់ត្រាកាលពីថ្ងៃពុធ ដោយប្រែក្លាយផ្លូវនានាទៅជាទន្លេ និងធ្វើឲ្យតំបន់ស្ទើរតែ៣៥% គ្មានអគ្គិសនីនិងទឹកប្រើប្រាស់ ក្នុងសប្តាហ៍នេះ។ស្របពេលជាមួយគ្នានោះ នាយកដ្ឋានឧតុនិយម ព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងប្រទេស នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយព្រមានអំពីគ្រោះទឹកជំនន់ នៅក្នុងតំបន់អាងស្តុកទឹកនៃទន្លេសំខាន់ៗរបស់រដ្ឋ Punjab៕ សម្រួលដោយ ទៀង បុណ្ណរី