តើមានចិត្តជាមនុស្សទេ? បុរសម្នាក់ចោទប្រពន្ធថាមានសាហាយ បានចាប់កូនស្រីអាយុ៦ឆ្នាំទៅចង-កលើចុងឈើ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់នេះបានចោទប្រកាន់ប្រពន្ធថាលួចទាក់ទងមានប្រុសសាហាយ ព្រោះតែភ្លើងប្រច័ណ្ឌដល់កម្រិត ក៏គិតខ្លីហ៊ានចាប់យកកូនស្រីដែលមានអាយុទើបតែ៦ឆ្នាំទៅចង-ក លើចុងឈើ បម្រុងធ្វើអត្តឃាត តែសំណាងល្អត្រូវប្រពន្ធ និងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទាន់ពេលវេលា ទើបអាចសង្គ្រោះអាយុជីវិតកុមារីដ៏កម្សត់នោះបាន…។ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនាល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពពីប្រពន្ធជនបង្កបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគាត់ និងប្ដីបានឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្ដីប្រច័ណ្ឌហើយចោទថា នាងមានប្រុសសាហាយ។ ក្រោយមកប្ដីរបស់នាងដែលមានឈ្មោះ បែន សន អាយុ៤២ឆ្នាំនោះ បានស្ទុះទៅយកកូនស្រីអាយុ៦ឆ្នាំចេញពីផ្ទះបាត់គ្មានដំណឹងតាំងពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង១រសៀលថ្ងៃដដែល ទើបប្ដីបានទូរសព្ទមកនាងថា៖ «មកយកសពកូនផងនៅស្ទឹងខាវ» ភ្លាមនោះ នាងបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកថ្លា និងមន្រ្តីនគរបាលអធិការដ្ឋានក្រុងសិរីសោភ័ណ។ ភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការលួងលោមជនបង្ករហូតឈានដល់ការឃាត់ខ្លួនបាននៅនឹងកន្លែងលើដើមឈើធំមួយក្នុងទីតាំងកើតហេតុ និងបានរំដោះកុមារីរងគ្រោះបានសម្រេចនាល្ងាចថ្ងៃដដែលនោះដែរ។ ស្ត្រីជាភរិយាជនបង្កបានឱ្យដឹងបន្ថែមថា បុរសជាប្ដីបានប្រើប្រាស់គ្រឿងញៀន ហើយតែងជេរប្រមាថមកលើនាងជារៀងរាល់ថ្ងៃ និងរករឿងក្នុងគ្រួសារឥតឈប់ឈរព្រមទាំងគំរាមសម្លាប់ប្រសិនបើនាងហ៊ានប្ដឹងសមត្ថកិច្ច។​ ករណីខាងលើនេះ ជាមេរៀនជីវិតមួយសម្រាប់ដាស់តឿនស្មារតីដល់យុវជនប្រុសស្រីទាំងអស់ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវគិតពិចារណាឱ្យបានវែងឆ្ងាយមុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ វាពិតជាគួរឱ្យហួសចិត្តណាស់ ខណៈដែលបុរសជាស្វាមីកើតចិត្តប្រច័ណ្ឌប្រពន្ធខ្លួនឯងថាមានប្រុសឈ្មោលលួចលាក់ តែបែរជាជះកំហឹងទៅលើកូនស្រីដែលមិនដឹងរឿងអ្វីទៅវិញ…? នេះសំណាង១លើ១ពាន់គ្រោះថ្នាក់ ដែលសមត្ថកិច្ចអាចជួយសង្គ្រោះអាយុជីវិតក្មេងស្រីបានទាន់ពេលវេលា ខណៈដែលរូបនាងត្រូវបានឪពុកអប្រិយចាប់យកទៅតាំងពីម៉ោង១០ព្រឹក ទើបសម្រេចចិត្តខលទៅប្រាប់ឱ្យប្រពន្ធដឹង បើបុរសជាប្ដីមិនខលទៅប្រាប់ទេ សោកនាដកម្មដ៏អាក្រក់មួយនឹងកើតឡើង ព្រោះតែភ្លើងប្រច័ណ្ឌនេះមិនខាន។ យ៉ាងណា ករណីខាងលើនេះ មហាជនបានស្នើឱ្យអាជ្ញាធរដាក់ទោសទណ្ឌបុរសជាឪពុកឱ្យបានធ្ងន់ធ្ងរ ក្នុងករណីមនុស្សឃាតគិតទុកជាមុននេះ ដើម្បីផ្តល់ភាពយុត្តិធម៌ឱ្យកូនស្រីដែលត្រូវឪពុកប៉ងសម្លាប់ទាំងដែលនាងមិនបានធ្វើអ្វីខុសទាល់តែសោះនោះ…៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង