ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ទទួលបានលិខិតថ្លែងអំណរគុណពីសម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាជាក្រុមហ៊ុនដែលបង់ពន្ធច្រើនជូនរដ្ឋក្នុងឆ្នាំ ២០២០
មីៗនេះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មានកិត្តិយសទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាក្រុមហ៊ុនដែលបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋច្រើនជាងគេលំដាប់ទី ២៦ ក្នុងចំណោមក្រុមហ៊ុនសហគ្រាសទាំងអស់ដែលបានបង់ពន្ធជូនរដ្ឋក្នុងឆ្នាំ ២០២០។
នៅក្នុងលិខិតថ្លែងអំណរគុណរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានផ្ញើជូនអគ្គនាយកក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ថាការបំពេញកាតព្វកិច្ចបង់ពន្ធរបស់ក្រុមហ៊ុន អ អិម អេ ( ខេមបូឌា) គឺជាការរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនក្នុងនាមជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភវឌ្ឍន៍ និងរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។
ដោយឡែក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានសម្តែងនូវការចូលរួមអបអរសាទចំពោះការទទួលបានលិខិតថ្លែងអណរគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្រ្តី ដែលបានសម្រេចផ្តល់លិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុនអ អិម អេ ( ខេមបូឌា) ដែលបានរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋបានច្រើនជាងគេលំដាប់ទី ២៦ ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់នៅទូទាំងប្រទេសសម្រាប់ឆ្នាំ ២០២០កន្លងទៅ។
ទន្ទឹមនឹងនេះផងដែរ ទូរទស្សន៍អនឡាញ ធី អិន អឹម ក៏បានសម្តែងនូវការចូលរួមអបអរសាទរ និងកោតសរសើរដោយស្មោះស្ម័គ្រ តាមរយៈលោកអគ្គនាយក សែម បូរ៉ា ជូនចំពោះក្រុមហ៊ុន អ អិម អេ ( ខេមបូឌា) ដែលទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការផ្ដល់ការងារជូនប្រជាជនកម្ពុជាប្រមាណជាជាង ៣ពាន់នាក់ ក្នុងវិស័យយានយន្ត កសិកម្ម គ្រឿងចក្រធុនធ្ងន់ សំណង់ និងម្ហូបអាហារ។ល។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក មានវត្តមាននៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩២ និងផ្តោតទៅលើការផ្គត់ផ្គង់ឧបករណ៍ សេវាកម្ម និងដំណោះស្រាយចាំបាច់សម្រាប់សហគ្រាស និងអ្នកប្រើប្រាស់ក្នុងវិស័យយានយន្ត ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងចក្រកសិកម្ម ម្ហូបអាហារ និងសេវាកម្មផ្សេងៗមួយចំនួន។ ក្រុមហ៊ុន អ អិម អេ ក៏ជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តម៉ាក (FORD, JAGUAR LAND ROVER) គ្រឿងចក្រកសិកម្ម ចនឌារ (JONH DEERE) និងគ្រឿងចក្រធុនធ្ងន់ផ្សេងៗទៀតផងដែរ៕អត្ថបទក្រុមហ៊ុន អ អិម អេ (ខេមបូឌា)