បង្ក្រាបឆ្នោតឡូតូលាភមហាសម្បត្តិ ឃាត់ខ្លួនមនុស្ស៤នាក់ និងវត្ថុតាងមួយចំនួន
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មឆ្នោតលាភមហាសម្បត្តិ (ឡូតូ) ចំនួន២កន្លែងឃាត់ខ្លួនមនុស្ស៤នាក់ និងដកហូតវត្ថុតាងមួយចំនួនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តច្បាប់។ ការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងចំនួន២ផ្សេងគ្នាក្នុងមូលដ្ឋានស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនៃការត្រួតពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានធ្វើឡើងជាច្រើនទីតាំង ហើយជាលទ្ធផលកម្លាំងបានរកឃើញទីតាំងឆ្នោតឡូតូខាងលើមានបង្កប់ល្បែងអាប៉ោងតាមអនឡាញមានចំនួន០២ទីតាំង។ ទី១.ទីតាំងតូបលក់ដូរមុខផ្ទះរបស់ឈ្មោះ ជឿន សុភី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ និងទី២.ទីតាំងតូបលក់ដូរមុខផ្ទះរបស់ឈ្មោះ គឹម សុខខេង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងអ្នកបញ្ជាម៉ាស៊ីនចំនួន០២នាក់ទៀត ទី១.ឈ្មោះ ម៉ៅ ដានី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ទី២.ឈ្មោះ ហៀង ច័ន្រ្ទា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនកុំព្យូទ័រចំនួន០២ឈុត ដុំវាយហ្វាយ (ប្រព័ន្ធភ្ជាប់) អ៊ីនធ័រណេតចំនួន០១ និងព្រីខ្សែភ្លើងប្រវែង០៤ម៉ែត្រ ចំនួន០១ខ្សែ ។ បើតាមលោកអធិការស្រុក ជនសង្ស័យទាំង០៤នាក់ត្រូវបានក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុកកណ្តៀងធ្វើកិច្ចសន្យាអប់រំនៅនឹងកន្លែង ចំណែកវត្ថុតាង កម្លាំងបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងជាបណ្ដោះអាសន្ន៕ សុមបញ្ជាក់ថា បច្ចុប្បន្នឆ្នោតឡូតូជាច្រើនប្រភេទបាននឹងកំពុងរីកដុះដាលជាច្រើននៅតាមបណ្ដារាជធានីខេត្តមួយចំនួន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហើយការដាក់ល្បែងឆ្នោតឡូតូនេះ គឺតែងមានបង្កប់ល្បែងស៊ីសងជាច្រើន តែក៏មានអាជ្ញាធរនៅតាមបណ្ដាលខណ្ឌ ស្រុក មួយចំនួនបានចុះត្រួតពិនិត្យ និងបង្ក្រាប និងមួយចំនួនទៀតមិនទាន់បង្ក្រាបនោះទេ ដែលបញ្ហានេះធ្វើឲ្យកើតមានអំពើចោរកម្មកើតមានជាបន្តបន្ទាប់៕ សម្រួលដោយ ទៀង បុណ្ណរី