មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ភ្លៀងលិចភ្នំពេញម្សិលមិញ ដោយសារកម្ពស់ទឹកភ្លៀង និងសំរាម មិនមែនមកពីបញ្ហាលុបបឹងទេ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាល់ ចន្ទតារា បានអះអាងថា មូលហេតុដែលបណ្ដាលឱ្យភ្លៀងលិចជោជន់រាជធានីភ្នំពេញកាលពីម្សិលមិញ ដោយសារតែរយៈកម្ពស់ទឹកភ្លៀង និងបញ្ហាសំរាម ពោលគឺមិនមែនមកពីបញ្ហាលុបបឹងទេ…។ ថ្លែងប្រាប់ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ បានមានប្រសាសន៍ថា៖«ការពិតទៅលិចភ្នំពេញនេះ យើងមានប្រព័ន្ធលូគ្រប់គ្រាន់ហើយតែកម្ពស់ទឹកវាខ្ពស់ខ្លាំង។ នៅបាងកកក៏លិច កន្លែងណាក៏លិចដែរ ពេលភ្លៀងខ្លាំង យើងបានស្តារឡើងវិញនូវប្រព័ន្ធលូនេះច្រើនណាស់ ហើយប្រសិនបើភ្លៀងល្មមទៅមិនអី តែចុងក្រោយវាហូរទៅដែរតើ អត់ដូចលើកមុនទេ កាលលើកមុនភ្លៀងហើយវានៅហ្នឹង តែនេះភ្លៀងរាំងបានរយៈខ្លីទេវាហូរអស់ទៅ»។ ជាក់ស្ដែង មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន១៤កន្លែង ក្នុងនោះរួមមាន៖ ស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកបឹងទំពុន ស្ថានីយបូមទឹកលូប្រាំ ស្ថានីយបូមទឹកបុរី១០០ខ្នង ស្ថានីយបូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយបូមទឹកស្វាយប៉ាក ស្ថានីយបូមទឹកព្រះពន្លា ស្ថានីយបូមទឹកទួលគោកទី១ ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់។ ជានិច្ចកាល ពេលទឹកលិចទីក្រុងម្ដងៗ ប្រជាពលរដ្ឋរមែងលើកឡើងពីបញ្ហាចាក់ដីលុបបំបាត់បឹង ដែលជាលេសរបស់ថ្នាក់ដឹកនាំក្រោមហេតុផលអភិវឌ្ឍន៍ ខណៈការអភិវឌ្ឍខ្លះគឺមិនបានសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមឱ្យបានជាក់លាក់ឡើយ។ ម្យ៉ាងវិញទៀត អាគារធំៗនៅរាជធានីភ្នំពេញ ភាគច្រើនពុំមាននូវអាងស្តុកទឹកក្រោមដី ដើម្បីចាំបង្ហូរទៅប្រឡាយរំដោះទឹកក្រោយភ្លៀងឡើយ ជាហេតុដែលបណ្ដាលឱ្យភ្លៀងខ្លាំងម្ដងៗ ភ្នំពេញលិចយ៉ាងដំណំ។ ពាក់ព័ន្ធនឹងកត្តាលុបបឹងនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា បានបំភ្លឺថា៖ «បឹងលុប…? ស្រុកយើងកន្លែងណាក៏ឈ្មោះបឹងដែរ បឹងកេងកង[..]ក៏បឹង បឹងប្រលិត[..]ក៏បឹង កន្លែងណា[ក៏បឹង]ដែរ ឥឡូវ..មិនមែនបញ្ហានេះទេ! សំខាន់គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូទឹកល្អទៅវាអត់មានបញ្ហាអ្វីទេ។ បន្ទាប់ពីភ្លៀងហើយភ្លាម ១ម៉ោងក្រោយមកហូរអស់រលីង ភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយក៏ត្រូវហូរអស់ហើយ ស្រុកណាក៏ដូចស្រុកណាដែររឿងលិចនេះ»។ យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងសាធារណការក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំបោះសំរាមចោលផ្ដេសផ្ដាស ពោលពេលចោលត្រូវវេចខ្ចប់សំរាមឱ្យមានរបៀបតាមបទដ្ឋានរបស់ក្រសួងបរិស្ថាន និងអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ព្រោះវាជាការចូលរួមចំណែកមួយធំណាស់ដើម្បីបរិស្ថានស្អាតល្អ។ ស្របជាមួយគ្នានេះ ឯកឧត្តម កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ បានកោតសរសើរដល់សាលារាជធានីភ្នំពេញ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យទឹកស្រកយ៉ាងលឿន ជាមួយនឹងប្រសិទ្ធភាពនៃកំណើន៣ដង នៃការបូមទឹកថ្មីនៃស្ថានីយបូមទឹកទាំង១៤កន្លែង អាចទប់នឹងភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ទឹកភ្លៀងកាលពីម្សិលមិញមានរយៈកម្ពស់១៥៣មម ជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ៕ សម្រួលដោយ ទៀង បុណ្ណរី