ជនរងគ្រោះនៅខេត្តរតនគិរី​១០នាក់បាន​ស្លា.ប់​ ដោយសារ​ពុលស្រា

ខេត្តរតនគិរី៖​ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ខេត្តរតនគិរី​សរុបចំនួន១១នាក់ ក្នុងនោះ១០នាក់បានបាត់បង់ជីវិតដោយ​សារការ​ពុលស្រា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់មន្ទីរការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:​ ​ខេត្តរតនគិរី​។  សេចក្តីប្រកាសព័ត៌មាន​បានឱ្យដឹងថា បន្ទាប់ពីមន្ទីរបានទទួលដំណឹងអំពីករណីសង្ស័យ​ពាក់ព័ន្ធនឹងការពុលស្រារបស់បងប្អូនកម្មករនិយោជិតធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរបានចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះភ្លាមៗ ដោយសហការបានជាមួយ​អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការ​សុវត្ថិភាព និងសុខភាពការងារ​បន្ថែមជាបន្ទាន់ ដើម្បីបង្ការហានិភ័យដល់​កម្មករនិយោជិត​ពាក់ព័ន្ធ។   លទ្ធផលជាផ្លូវការត្រូវបានបញ្ជាក់ដោយអង្គភាពជំនាញ​សុខាភិបាលថា ករណីដែលបានកើតឡើង ជាបន្តបន្ទាប់​ខាងលើ គឺជាករណីពុលស្រាដែលត្រូវ​បាន​ដាក់លក់នៅ​តាមទីតាំងក្បែរក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះសរុបចំនួន១១នាក់ និងបានបាត់បង់ជីវិតចំនួន១០ នាក់ ក្នុងនោះ មានកម្មករនិយោជិតចំនួន០៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយ​អន្តរាគមន៍​សង្គ្រោះពីគ្រប់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដើម្បីបន្ត​ជួយ​ដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ​និយោជិតរងគ្រោះ និងក្រុមគ្រួសារ ទៅតាមច្បាប់ស្តីពីរបប​​សន្តិ​​សុខ​​​សង្គមផងដែរ​​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង