ភ្លៀងម្សិលមិញទឹកលិចចូលរោងចក្រ បណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆ.ក់កម្មករកំពុងធ្វើការស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ ក្រោយភ្លៀងមួយមេធំទឹកលិចហូរចូលក្នុងរោងចក្រដែលកម្មករកំពុងតែធ្វើការ បានបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់កម្មករម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់-ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥:២០នាទីល្ងាច ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣ ក្នុងរោងចក្រ ស៊ីលីង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ត្រុង វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំធ្វើការផ្នែកអូសពុម្ព ស្នាក់នៅផ្ទះជួលម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ និងមានស្រុកកំណើតនៅភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដោយឡែកបុរស៣នាក់ទៀត រងរបួសធ្ងន់ស្រាលមិនបានឱ្យស្គាល់អត្តសញ្ញាណឡើយ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុកម្មកររងគ្រោះ កំពុងបំពេញការងារដូចសព្វដង ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចហូរចូលក្នុងរោងចក្រត្រឹម កជើងតែពេលនោះខាងរោងចក្រដែលមានថៅកែជាជនជាតិចិន មិនឱ្យពួកគាត់ចេញទៅផ្ទះឬផ្អាកការងារទេ គឺនៅតែបន្តធ្វើការដដែល។ ប្រភពបន្តទៀតថា កម្មករនៅតែបន្តការងារធម្មតា ប៉ុន្តែស្រាប់តែមានបុរសជនរងគ្រោះចំនួន៤នាក់ បានផ្តើមដួលសន្លប់ជាបន្តបន្ទាប់ទៅក្នុងទឹក ទើបកម្មករផ្សេងទៀតដឹងថាឆក់ខ្សែភ្លើង ក៏បាននាំគ្នារត់ទៅបិទប៉ារែតភ្លើងរួចហៅរថយន្តសង្គ្រោះនាំមកទៅគ្លីនិកឯកជនមួយនៅខណ្ឌដង្កោ។ ពេលទៅដល់ក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងជួយសង្គ្រោះដែរ តែជាអកុសលជនរងគ្រោះម្នាក់បានដា.ច់ខ្យល់ស្លា.ប់បាត់ទៅហើយ។ ដោយឡែកបុរស៣នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះឱ្យដឹងខ្លួនវិញតិចៗ នៅមានសង្ឃឹមក៏ត្រូវថៅកែរោងចក្រ ហៅរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនចិនដូចគ្នាឱ្យមកដឹកបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង។ ក្រោយពេលកើតហេតុ បន្ទាប់ពីពិនិត្យដោយមន្ត្រីជំនាញរួចហើយ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំណែកទីតាំងរោងចក្រដែលបង្កគ្រោះថ្នាក់ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បានចុះទៅពិនិត្យនោះទេ ដោយសារតែទីតាំងនោះកំពុងតែលេចទឹកនៅឡើយ៕ សម្រួលដោយ ទៀង បុណ្ណរី