ករណីឆ្លងជំងឺអុតស្វាក្នុងប្រទេសថៃ បានហក់ឡើងវិញក្នុងខែមិថុនា
អាជ្ញាធរសុខាភិបាល បានបង្ហាញថា ចំនួនករណីជំងឺអុតស្វានៅក្នុងប្រទេសថៃ បានកើនឡើងកាលពីខែមុន ហើយបានព្រមានបុរសដែលរួមភេទជាមួយបុរសដូចគ្នា ឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលករណីថ្មីបាននឹងកំពុងរីករាលដាល…។ លោកវេជ្ជបណ្ឌិត ថៈរ៉េស ក្រៈសាន អៃរ៉ៈវីវង្ស Tares Krassanairawiwong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយកាលពីថ្ងៃអាទិត្យទី២កក្កដាថា ចាប់តាំងពីប្រទេសនេះមានករណីកើតជំងឺអុតស្វាលើកដំបូងនៅក្នុងខែកក្កដាឆ្នាំមុនមក ៩១ករណីបន្ថែមទៀតត្រូវបានកត់ត្រា។ លោកបានឱ្យដឹងថា កាលពីខែមុនមានករណីថ្មីចំនួន៤៨ ត្រូវនឹង២,៣ដងនៃករណីថ្មីចំនួន២១នៅក្នុងខែឧសភា។ អគ្គនាយករូបនេះបន្ថែមថា ករណីថ្មីទាំង៤៨ សុទ្ធតែជាបុរសដែលរួមភេទជាមួយបុរស ហើយមនុស្ស២២នាក់ ឬ ៤៥,៨ភាគរយ នៃករណីទាំងនោះ មានកំណត់ត្រានៃការឆ្លងមេរោគអេដស៍។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤៨នាក់នោះ មាន៤១នាក់ជាជនជាតិថៃ និង៧នាក់ជាជនបរទេស។ ក្នុងចំណោមជនជាតិថៃដែលឆ្លងមេរោគនោះ ៣៨នាក់រស់នៅក្នុងទីក្រុងបាងកក និងបីនាក់ទៀតនៅខេត្តនគរបឋម(ប៉ាធុមថានី) ភូកេត និងខេត្តសាមុទ្ទសាគរ(សាមុតសាខន)។ លោកវេជ្ជបណ្ឌិត ថៈរ៉េស បាននិយាយថា ករណីថ្មីភាគច្រើនកើតឡើងដោយការរួមភេទដោយគ្មានការការពារ ឬរួមភេទជាមួយមនុស្សមិនស្គាល់គ្នា មុនពេលធ្លាក់ខ្លួនឈឺ។ យ៉ាងណាមិញ គ្មានអ្នកជំងឺណាម្នាក់មានរោគសញ្ញាធ្ងន់ធ្ងរ ឬបានស្លាប់បាត់បង់ជីវិតនោះទេ។ លោកអគ្គនាយកបានអះអាងថា ជំងឺនេះអាចត្រូវបានការពារដោយជៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ឬអ្នកដែលសង្ស័យថា មានផ្ទុកជំងឺអុតស្វា និងជៀសវាងការរួមភេទជាមួយមនុស្សចម្លែកមុខ។ អ្នកដែលសង្ស័យថា មានផ្ទុកជំងឺនេះ អាចសង្កេតមើលប្រសិនបើពួកគេមានកន្ទួលលើសរីរាង្គភេទ រន្ធគូថ មាត់ ឬកន្លែងផ្សេងទៀតនៅលើខ្លួនរបស់ពួកគេ ឬមានអាការៈផ្តាសាយ ឈឺក្បាល ឈឺសាច់ដុំ និងហើមកូនកណ្តុរក្នុងរយៈពេល២១ថ្ងៃនៃការទំនាក់ទំនងជាមួយអ្នកជំងឺ។ ទន្ទឹមគ្នានោះ លោកវេជ្ជបណ្ឌិត សុភុន អាមសិរិថាវ៉ន Sophon Iamsirithaworn អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ការរីករាលដាលនៃជំងឺនេះនៅក្នុងខែមិថុនា បានឆ្លុះបញ្ចាំងពីអាកប្បកិរិយាប្រថុយប្រថានក្នុងចំណោមបុរសដែលមានអាយុបន្តពូជ ជាពិសេសបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរស៕ សម្រួលដោយ ទៀង បុណ្ណរី