ឯកឧត្តម សាយ សំអាល់ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តព្រះសីហនុ និងធ្វើមិទ្ទិញអបអរសាទរខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ និងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។
នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ មានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយ និងក្តីសង្ឃឹម ក្នុងនោះមានការដង្ហែក្បួនតាមរថយន្ត ម៉ូតូនិងរឺម៉ក អមជាមួយទិសស្លោកនិងសារនយោបាយសំខាន់ៗ រំលេចនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំនិងកសាងជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត នៅលើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយឈរឈ្មោះចំនួន១៨ ចូលរួមប្រកួតប្រជែង ។
គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង