ចាប់ និងបញ្ជូនមនុស្ស៣នាក់ទៅតុលាការ ក្រោយគឃ្លើនមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ដោយបន្ដផឹកស៉ីសប្បាយមិនខ្លាចជំងឺកូវីដ១៩
TNM(ភ្នំពេញ)៖ មនុស្ស៣នាក់ដែលនៅបន្ដផឹកស៉ីសប្បាយយ៉ាងគឃ្លើន មិនស្ដាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គ្រាដែលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាលក្នុងសហគមន៍ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន TNM News ឲ្យដឹងថា ក្រោយណែនាំជាច្រើនដងច្រើនសារនៅតែមិនស្ដាប់នោះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនមនុស្ស៣នាក់ ពេលកំពុងផឹកស៉ីច្រៀងសប្បាយ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា មនុស្សទាំង៣នាក់នេះ បានល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មនុស្សទាំង៣នាក់នោះរួមមាន ទី១៖ ឈ្មោះ អូន រតនា អាយុ៣៧ឆ្នាំ មុខរបរជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, ទី២៖ ឈ្មោះ ហូ រុនមុនី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងទី៣៖ ឈ្មោះ ហេង សូវីត អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានអះអាងថា វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់នេះ នឹងអនុវត្តជាបន្ដបន្ទាប់ទៀតចំពោះបុគ្គលណាដែលនៅតែគឃ្លើន មិនស្ដាប់ការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច គ្រាដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកបន្ដថា កន្លងទៅសមត្ថកិច្ចមូលដ្ឋាន បានណែនាំមិនតិចដងនោះទេ ដោយឲ្យបញ្ឈប់ការជួបជុំផឹកស៉ី ប៉ុន្ដែនៅតែមានបុគ្គលដែលមិនស្ដាប់ការណែនាំ ដូច្នេះចាប់ពីពេលនេះ នឹងអនុវត្តវិធានការច្បាប់តែម្ដង៕