សត្វព្រៃកម្រ៣ប្រភេទត្រូវបានរកឃើញបន្ថែមនៅក្នុងដែនជម្រកភូមិសាស្ត្រខេត្តពោធិ៍សាត់
តាមការសិក្សារយៈពេលជាង៣ខែ ក្រុមការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» បានរកឃើញសត្វព្រៃកម្រចំនួន៣ប្រភេទ និងត្រូវបានកត់ត្រាបញ្ជាក់ពីវត្តមានបន្ថែម បន្ទាប់ពីបានរកឃើញដោយម៉ាស៊ីនថតស្វ័ប្រវត្តិ ក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ការរកឃើញសត្វព្រៃដ៏កម្រជិតផុតពូជនេះ បន្ទាប់ពីក្រុមការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» បានសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិ ចំនួន២០គ្រឿង ដែលបានដាក់សិក្សារយៈពេលជាង៣ខែ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុម ប្រភេទកំពុងទទួលរងការគំរាមកំហែង (VU) និងក្រុមប្រភេទជិតទទួលរងការគំរាមកំហែង (NT) មានតំលៃអភិរក្សក្នុងតំបន់ និងជាសកលដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ក្រុមការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិចំនួន២០គ្រឿងពីទីតាំងសិក្សាមួយចំនួនក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ជាលទ្ធផលជាបឋម ការសិក្សានេះបានរកឃើញ និងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន៧ប្រភេទ ក្នុងនោះមាន ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP/MOE។ ដោយឡែក ប្រភេទសត្វព្រៃមានដោកម្រ (EN) និង(VU) ចំនួន៣ប្រភេទផ្សេងទៀតត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមានបន្ថែមតាមយៈការសិក្សានេះ។ ប្រភេទសត្វព្រៃទាំងនេះរួមមាន ពង្រូល ខ្លាលឿង មាស សត្វយំ ឬសត្វចាំត្រពាំង។លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ការសិក្សានេះជាការសិក្សាត្រួតពិនិត្យ និងតាមដានពីវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលមានតម្លៃអភិរក្សក្នុងតំបន់ និងជាសកល ព្រមទាំងវាជាផ្នែកមួយនៃការអនុវត្តផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ ដែលទទួលការឯកភាពពីក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕សម្រួលដោយ ទៀង បុណ្ណរី