រាជរដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់និងការទូត បើស្គាល់ប្រភពយន្តហោះគ្មានមនុស្សបើកដែលហោះចូលកម្ពុជា
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាព្រមានចាត់វិធានការផ្លូវច្បាប់និងការទូត ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន (Drone) ដែលហោះចូលដែនអាកាសកម្ពុជា។ កម្ពុជានឹងប្ដឹងតវ៉ា ថាវាជាការឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍ដដែលរៀបរាប់ថា ការព្រមាននេះធ្វើឡើងក្រោយកម្ពុជាទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ថាមានយន្តហោះដ្រូន ហោះចូលដែនអាកាសកម្ពុជាជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមផ្នែកយោធា ដើម្បីរារាំងនូវការហោះចូលដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏បានតាមដានដោយការយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) នៃប្រទេសវៀតណាម។ ក្នុងលិខិតដដែលនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា៖ «ការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ទៅលើស្នាក់ការប៉ូលីសនៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត»។ បច្ចុប្បន្ន កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធវៀតណាមក្នុងការទប់ស្កាត់មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ។ នៅក្នុងសំណុំរឿងដដែលនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលមួយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ច្បាស់ៗថា៖ «យើងត្រូវទំនាក់ទំនងជាមួយខាងវៀតណាម ដើម្បីការពារសន្តិសុខ មិនមែនដើម្បីជម្លោះជាមួយវៀតណាមទេ តែទៅសហការជាមួយវៀតណាមដើម្បីត្រួតត្រាសភាពការណ៍នៅតាមព្រំដែនជាមួយគ្នា ព្រោះពួកប្រឆាំងនៅខាងវៀតណាម ធ្វើសកម្មភាពអាក្រក់អាក្រីរហូតដល់ស្លាប់មនុស្សយ៉ាងច្រើន»។ គួរបញ្ជាក់ផងដែរថា សម្ដេច ហ៊ុន សែន បានដាក់បញ្ជាឱ្យពង្រាយសំណាញ់មេឃ បាញ់ទម្លាក់ដ្រូនទាំងនោះឱ្យអស់ ទោះត្រូវប្រើអាវុធច្រើនប៉ុណ្ណាក៏ដោយ ហើយប្រកាសផ្តល់រង្វាន់ដល់អង្គភាពកងទ័ពណាអាចបាញ់ទម្លាក់ដ្រូនមួយគ្រឿងនឹងទទួលបាន២០ម៉ឺនដុល្លារទៀតផង។ សូមរំឭកថា កាលពី២សប្តាហ៍មុន មានក្រុមបះបោរជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម បានបើកការវាយប្រហារទៅលើសាលាឃុំចំនួន២នៃខេត្ត Dak Lak របស់វៀតណាម ដែលស្ថិតនៅឈមគ្នានឹងខេត្តរតនគិរីរបស់កម្ពុជា។ កាលនោះ មេឃុំ លេខាបក្សឃុំ ប៉ូលិស ប្រជាពលរដ្ឋវៀតណាមមួយចំនួនត្រូវបានសម្លាប់៕ សម្រួលដោយ ទៀង បុណ្ណរី