ទីបំផុត! បំណែកនៃសាកស.ពមនុស្ស និងកម្ទេចកម្ទីនាវាមុជទឹក Titan ត្រូវបានស្រង់មកលើគោក ដើម្បីស៊ើបអង្កេត
ឆ្មាំសមុទ្រអាម៉េរិក បានបញ្ជាក់ថា កម្ទេចកម្ទីនៃនាវាមុជទឹកទេសចរណ៍ដែលត្រូវបានបំផ្លាញនៅក្នុងការផ្ទុះដែលសម្លាប់មនុស្ស ៥ នាក់នៅ ត្រូវបានរកឃើញ រួមជាមួយនឹងបំណែកនៃសាកសពត្រូវបាននាំយកមកលើច្រាំងកាលពីថ្ងៃពុធទី ២៨ ខែមិថុនា ហើយការស៊ើបអង្កេតលើឧប្បត្តិហេតុនឹងត្រូវធ្វើឡើង។ សំណល់នៃនាវា Titan ដែលត្រូវបានបំផ្លាញ ខណៈពេលកំពុងមុជទៅមើលខ្មោចកប៉ាល់ទីតានិក ហើយអ្វីដែលត្រូវបានគេជឿថាជាបំណែកនៃសាកសពមនុស្សត្រូវបានដឹកទៅកាន់កំពង់ផែ St. John’s រដ្ឋ Newfoundland ប្រទេសកាណាដា ចម្ងាយប្រហែល ៤០០ ម៉ាយភាគខាងជើងនៃកន្លែងគ្រោះថ្នាក់ ដោយនាវា Horizon Arctic នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រ។ ភស្តុតាងនឹងត្រូវបានដឹកជញ្ជូន ទៅកាន់កំពង់ផែសហរដ្ឋអាម៉េរិកសម្រាប់ការវិភាគ និងការធ្វើតេស្តដោយក្រុមប្រឹក្សាសមុទ្រនៃការស៊ើបអង្កេតដែលបានកោះប្រជុំក្នុងសប្តាហ៍នេះ ដើម្បីស៊ើបអង្កេតជាផ្លូវការ។ សេចក្តីថ្លែងការណ៍របស់ឆ្មាំឆ្នេរសមុទ្រ បានបន្ថែមថា អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់សហរដ្ឋអាម៉េរិកក៏នឹងធ្វើការវិភាគជាផ្លូវការអំពីបំណែកនៃសាកសពមនុស្សដែលត្រូវបានរកឃើញនៅក្នុងបំណែកនៃនាវានេះផងដែរ។ វីដេអូពីក្រុមហ៊ុន Canadian Broadcast Corp បង្ហាញពីអ្វីដែលមើលទៅដូចជាផ្នែកខាងមុខរបស់នាវាមុជទឹក និងបំណែកដែលបាក់បែកផ្សេងទៀតដែលរុំដោយក្រណាត់ស ដែលត្រូវបានទាញឡើងដោយរថយន្តស្ទូចចេញពីនាវា Horizon Arctic កាលពីព្រឹកថ្ងៃពុធ។ ខ្សែវីដេអូក៏បានបង្ហាញពីបំណែកនៃសំបក និងគ្រឿងចក្ររបស់នាវា Titan ជាមួយនឹងខ្សែភ្លើងដែលត្រូវបានលើកចេញពីនាវា។ ការពិនិត្យកម្ទេចកម្ទីត្រូវបានគេរំពឹងថានឹងបំភ្លឺបន្ថែមទៀតអំពីមូលហេតុនៃការបំផ្ទុះដ៏មហន្តរាយដែលបានបំផ្លាញកូននាវា Titan កាលពីថ្ងៃទី ១៨ ខែមិថុនា ខណៈដែលនាវាប្រវែង ២២ ហ្វីតបានដឹកមនុស្ស ៥ នាក់ក្នុងការធ្វើដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកក្នុងមហាសមុទ្រអាត្លង់ទិចខាងជើង។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដាក៏បានបើកការស៊ើបអង្កេតផ្ទាល់ខ្លួនផងដែរ។ មេដឹកនាំនៃការស៊ើបអង្កេតរបស់សហរដ្ឋអាម៉េរិកចំពោះសោកនាដកម្មនេះ លោក Jason Neubauer បាននិយាយថា៖«នៅមានការងារច្រើនសន្ធឹកសន្ធាប់ដែលត្រូវធ្វើ ដើម្បីស្វែងយល់ពីកត្តាដែលនាំឱ្យបាត់បង់នាវា Titan និងជួយធានាថាសោកនាដកម្មស្រដៀងគ្នានេះមិនកើតឡើងម្ដងទៀត»។ គួររំឭកថា ឆ្មាំសមុទ្រអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី ២២ ខែមិថុនាថា នាវាមុជទឹកក្នុងសមុទ្រជ្រៅដែលដឹកមនុស្ស ៥ នាក់ក្នុងការធ្វើដំណើរទៅមើលសាកសពកប៉ាល់ទីតានិកដែលមានអាយុកាលរាប់សតវត្ស ត្រូវបានរកឃើញបំណែក ខណៈមនុស្សទាំងអស់នៅលើនាវាបានស្លាប់។ នាវា Titan ដែលដំណើរការដោយក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានបាត់ខ្លួនចាប់តាំងពីវាបានបាត់ទំនាក់ទំនងជាមួយនាវាជំនួយផ្ទៃនៅលើផ្ទៃទឹកកាលពីព្រឹកថ្ងៃអាទិត្យទី ១៨ ខែមិថុនា ប្រហែល ១ ម៉ោង និង ៤៥ នាទីបន្ទាប់ពីធ្វើដំណើរចូលទៅក្នុងសមុទ្រល្វឹងល្វើយ៕ សម្រួលដោយ ទៀង បុណ្ណរី