មន្ត្រីជំនាញ ឃាត់រថយន្តដឹកស៊ុតមាន់គ្មានលិខិតអនុញ្ញាត ៦ ម៉ឺនគ្រាប់ ដឹកចេញពីប្រទេសវៀតណាម
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់រថយន្តដឹកស៊ុតមាន់ ៦ ម៉ឺនគ្រាប់ ចំនួន២ករណី ក្នុងថ្ងៃតែមួយ ដែលដឹកចេញពីវៀតណាម ចូលមកកម្ពុជា តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្តដឹកស៊ុតមាន់បានចំនួន ២ ករណី។ ក្នុងនោះ ករណីទី១-នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២២ និង ៣២ នាទី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់រថយន្ត ១ គ្រឿង ម៉ាក SSANGYONG ISTANA ប្រភេទរថយន្តដឹកអ្នកដំណើ ១៥ កៅអី ស្លាកលេខភ្នំពេញ ២AK-2845 ពណ៌ស ដឹកស៊ុតមាន់ចំនួន ៣០ ០០០ គ្រាប់ ដឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅចំណុចស្តុបផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ករណីទី ២-ក្នុងថ្ងៃដដែល វេលាម៉ោង ២៣ និង ១០ នាទី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្តចំនួន ១ គ្រឿងទៀត ម៉ាក SSANGYONG ISTANA ប្រភេទរថយន្តដឹកអ្នកដំណើរ ១៥ កៅអី ស្លាកលេខភ្នំពេញ ២T ៧៦៩៣ ពណ៌លឿង ដឹកស៊ុតមាន់ចំនួន ៣០ ០០០ គ្រាប់ មកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅខេត្តកំពង់ស្ពឺ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅចំណុចភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី