ក្រោយពលរដ្ឋរិះគន់រឿងគោដើរតាមផ្លូវអាណាធិបតេយ្យ អាជ្ញាធរក្រុងប៉ោយប៉ែតចាត់វិធានការក្ដៅដេញចាប់គោបាន១០ក្បាល

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានដេញចាប់គោបានចំនួន១០ក្បាល សុទ្ធសឹងជាគោដើរតាមដងផ្លូវសាធារណៈបង្កភាពអាណាធិបតេយ្យ ដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ បច្ចុប្បន្ននគរបាលកំពុងស្វែងរកម្ចាស់ចូលខ្លួនមកដោះស្រោយ ទទួលខុសត្រូវ និងធ្វើកិច្ចសន្យាបញ្ឈប់ការលែងសត្វបែបនេះតទៅទៀត។លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែតបានឱ្យដឹងថា កម្លាំងនគរបាលបានចុះពិនិត្យមើលឃើញជាក់ស្តែងនូវគោ-ក្របីដែលម្ចាស់លែងចោលយ៉ាងអាណាធិបតេយ្យតាមដងផ្លូវ ទើបកម្លាំងជំនាញ ចាប់បានចំនួន១០ក្បាល ក្នុងនោះមានគោធំ៤ក្បាល និងកូនគោ៦ក្បាលនៅចំណុចភូមិប៉ាលិលេយ្យ១ ភូមិប៉ាលិលេយ្យ២ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត យកមកចងទុកនៅទីវាលមុខសាលា សង្កាត់ប៉ោយប៉ែត។ ឥលូវអាជ្ញាធរ កំពុងស្រាវជ្រាវរកម្ចាស់គោចេញមុខមកទទួលខុសត្រូវ ហើយធ្វើកិច្ចសន្យាបញ្ឈប់ការលែងគោ-ក្របីបង្កភាពអាណាធិបតេយ្យដែលប៉ះពាល់សណ្តាប់ធ្នាប់ និងស៊ីដំណាំបងប្អូនប្រជាពលរដ្ឋតទៅទៀត។  លោកបន្តថា ក្នុងករណីចាប់បានលើកក្រោយ និងមានវិធានការច្បាប់ចំពោះម្ចាស់សត្វទាំងនោះជាក់ជាមិនខាន ព្រោះកន្លងមកមានគ្រោះថ្នាក់កើតឡើងដោយការលែងគោ-ក្របី តាមផ្លូវសាធារណៈ។ ជាក់ស្តែងកាលពីពេលថ្មីៗ ធ្លាប់មានករណីក្របីវ័ធបណ្តាលឱ្យមនុស្ស៦នាក់រងរបួសធ្ងន់-ស្រាល នៅម្តុំផ្សារត្រី ហើយមកទល់ពេលនេះមិនទាន់ឃើញរកម្ចាស់ឃើញផង ទើបកម្លាំងជំនាញសម្រេចផ្ញើក្របីទុកនៅកសិដ្ឋានចិញ្ចឹមក្របីមួយកន្លែងក្បែរព្រំដែន។  គួរបញ្ជាក់ថា ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី កាលពីពេលថ្មីៗនេះមានប្រជាពលរដ្ឋជាច្រើននាក់ដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នារិះគន់ក៏ដូចជាសំណូមពរអាជ្ញាធរគួរមានវិធានការចាប់គោដែលម្ចាស់លែងចោលដើរតាមផ្លូវទៅទុកនៅទីតាំងណាមួយផង ព្រោះសត្វទាំងនោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាពិសេសនៅពេលយប់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង