ទឹកប្រាក់ជាង២០០ពាន់លានដុល្លារអាចត្រូវបានលួចពីមូលនិធិសម្រាប់ជំងឺកូវីដ១៩ របស់សហរដ្ឋអាម៉េរិក
អ្នកឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអង្គារទី ២៧ ខែមិថុនាកន្លងទៅនេះថា ទឹកប្រាក់ជាង ២០០ពាន់លានដុល្លារក្នុងកម្មវិធីជំនួយសង្គ្រោះជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានលួច ដោយបន្ថែមថារដ្ឋបាលអាជីវកម្មខ្នាតតូចរបស់សហរដ្ឋអាម៉េរិក ហៅកាត់ថា «SBA» បានចុះខ្សោយក្នុងការគ្រប់គ្រងរបស់ខ្លួនក្នុងការប្រញាប់ប្រញាល់ក្នុងការបញ្ចេញមូលនិធិ។ យ៉ាងហោចណាស់ ១៧% នៃមូលនិធិទាំងអស់ដែលរួមបញ្ចូលកម្ចីគ្រោះមហន្តរាយសេដ្ឋកិច្ច EIDL និងកម្មវិធីការពារប្រាក់បៀវត្សរ៍ PPP របស់រដ្ឋាភិបាល ត្រូវបានផ្តល់ទៅឱ្យជនក្លែងបន្លំ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយការិយាល័យអធិការកិច្ចរបស់ SBA។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ SBA បានបញ្ចេញមូលនិធិ EIDL និង PPP ប្រហែល១,២ពាន់ពាន់លានដុល្លារ។ ទន្ទឹមគ្នានោះ SBA បានជំទាស់នឹងតួលេខទឹកប្រាក់ដែលដាក់ចេញដោយអ្នកឃ្លាំមើល ដោយលើកឡើងថា អគ្គអធិការបានប៉ាន់ប្រមាណការក្លែងបន្លំខ្ពស់ជាងការពិតជាក់ស្តែង។ ទីភ្នាក់ងារនេះបានអះអាងថា អ្នកជំនាញរបស់ខ្លួនបានដាក់ការប៉ាន់ប្រមាណការក្លែងបន្លំចំនួន ៣៦ពាន់លានដុល្លារ ហើយបានបន្ថែមថាជាង ៨៦% នៃការក្លែងបន្លំសរុប ទំនងជាបានកើតឡើងនៅឆ្នាំ ២០២០ នៅពេលដែលរដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅកាន់តំណែង។ ការប៉ាន់ប្រមាណនៃការក្លែងបន្លំដែលធ្វើឡើងដោយអគ្គអធិការសម្រាប់កម្មវិធី EIDL មានចំនួនជាង ១៣៦ពាន់លានដុល្លារ ខណៈដែលការប៉ាន់ប្រមាណការក្លែងបន្លំលើកម្មវិធីប្រាក់បៀវត្សរ៍ មាន៦៤ពាន់លានដុល្លារ។ សហរដ្ឋអាម៉េរិកកំពុងស៊ើបអង្កេតករណីក្លែងបន្លំជាច្រើនដែលបញ្ចូលទៅក្នុងកម្មវិធីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដោយនៅខែឧសភា ឆ្នាំ២០២១ អគ្គមេធាវី លោក មឺរិច ហ្កាឡេដ (Merrick Garland) បានចាប់ផ្តើមស៊ើបអង្កេតលើការក្លែងបន្លំមូលនិធិសម្រាប់ជំងឺកូវីដ១៩។ លើសពីនេះ កាលពីឆ្នាំមុន ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកបានចាត់តាំងព្រះរាជអាជ្ញាសហព័ន្ធ លោក ខេវិន ឆេមប៊ឺ (Kevin Chambers) ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការស៊ើបអង្កេតគម្រោងការក្លែងបន្លំដែលមានបំណងបង្កើតកម្មវិធីជំនួយជំងឺរាតត្បាតរបស់រដ្ឋាភិបាល។ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ អគ្គអធិការនៃក្រសួងការងារសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ជនក្លែងបន្លំទំនងជាបានលួចទឹកប្រាក់ចំនួន ៤៥,៦ពាន់លានដុល្លារ ពីកម្មវិធីធានារ៉ាប់រងចំពោះភាពគ្មានការងារធ្វើរបស់សហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃមេរោគឆ្លង តាមរយៈការប្រើលេខសន្តិសុខសង្គមរបស់បុគ្គលដែលបានស្លាប់បាត់បង់ជីវិត។ នៅក្នុងខែដដែលនោះ រដ្ឋអាជ្ញាសហព័ន្ធបានចោទប្រកាន់ជនជាប់ចោទជាច្រើននាក់ថាបានលួចប្រាក់ចំនួន ២៥០លានដុល្លារ ពីកម្មវិធីជំនួយរបស់រដ្ឋាភិបាលក្នុងការផ្តល់អាហារដល់កុមារ ដែលត្រូវការជំនួយក្នុងអំឡុងពេលជំងឺរាតត្បាត។ បន្ថែមលើនោះ កាលពីដើមឆ្នាំនេះ របាយការណ៍ឃ្លាំមើលដាច់ដោយឡែកមួយបានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកទំនងជាបានផ្តល់ជំនួយប្រហែល ៥,៤ពាន់លានដុល្លារសម្រាប់ជំងឺកូវីដ១៩ ដល់មនុស្សដែលមានលេខសន្តិសុខសង្គមគួរឱ្យសង្ស័យ៕ សម្រួលដោយ ទៀង បុណ្ណរី