ដំណឹងល្អ! កម្ពុជាបើកច្រកនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

ភ្នំពេញ៖ កម្ពុជាបានបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រទេសផលិត និងនាំចូលអង្ករធំមួយឈរលំដាប់លេខរៀងទី៤ នៅលើពីភពលោក។ ពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីននេះ ធ្វើឡើងនៅថ្ងៃ២៦ខែមិថុនាឆ្នាំ២០២៣ នៅក្រសួងពាណិជ្ជកម្ម។  ចាប់តាំងពីការនាំចេញអង្ករលើកដំបូងនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ កម្ពុជាធ្លាប់នាំអង្ករទៅកាន់ប្រទេសហ្វីលីពីនបានចំនួន២ដងគត់ គឺលើកទី១កាលពីឆ្នាំ២០២០ ក្នុងចំនួន៣០០តោន និងលើកទី២នៅឆ្នាំ២០២២ ក្នុងចំនួន១០០តោន។ បើគិតនៅក្នុងទ្វីបអាស៊ី ប្រទេសហ្វីលីពីន ឈរលេខរៀងទី២បន្ទាប់ពីប្រទេសចិន ដែលបាននាំចូលអង្ករប្រមាណជាង៣លានតោនក្នុងមួយឆ្នាំ។ ភាគច្រើនហ្វីលីពីន បាននាំចូលពីប្រទេសក្នុងតំបន់អាស៊ានក្បែរខាងកម្ពុជា។  ការនាំចេញទ្រង់ទ្រាយធំជាលើកដំបូងពីកម្ពុជាធ្លាប់បានធ្វើឡើងក្នុងចំនួន ២៥៧៥តោន ដោយបានដឹកចេញកាលពីចុងខែឧសភាឆ្នាំ២០២៣ និងបន្តនាំចេញនៅក្នុងរយៈពេលដ៍ខ្លីខាងមុខបន្ថែមទៀត។  ក្នុងពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករនេះ លោកជំទាវ MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដែលមានការកើនឡើងប្រមាណជា ២៨,៦ភាគរយ នៅឆ្នាំ២០២២។ លោកជំទាវ បានលើកឡើងអំពីការកែសម្រួលច្បាប់ក្នុងការនាំចេញដែលអនុញ្ញាតឱ្យផ្នែកឯកជននាំចូលដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនរដ្ឋដូចពីមុន។  ដោយឡែក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានភាពប្រកួតប្រជែងតាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ, ការលើកលែងពន្ធ និងអាករគ្រប់ប្រភេទ ដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ តាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល ៥ឆ្នាំបន្ថែមទៀត សម្រាប់សហគ្រាសដែលអស់អាណត្តិ ជាដើម។   គួររំលឹកផងដែរថា ការនាំចេញក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨,១៨៤តោន ស្មើនឹង ១៩១.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៩ ក្នុងនោះមានទីផ្សារថ្មីចំនួន១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសហ្វីលីពីន ដែលបាននាំចេញជាលើកដំបូងក្នុងបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ២ ៥៧៥ តោន។ ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មបានស្វែងរកទីផ្សារថ្មីបន្ថែម សម្រាប់ផលិតផលដែលកែច្នៃចេញអំពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់ អារ៉ាប់រួម ជាដើម។  ជាក់ស្តែង អង្ករកម្ពុជានឹងពង្រីកទីផ្សារបន្ថែមទៀតជាមួយប្រទេសចិន ដោយកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤៕  សម្រួលដោយ  ទៀង  បុណ្ណរិ

អត្ថបទដែលជាប់ទាក់ទង