ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៊ីកំពុងលាក់សាកសពជនរងគ្រោះនៃការបាក់ទំនប់កាខូវកា

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែមិថុនាថា ប្រទេសរុស្ស៊ីបានបង្កើតក្រុមពិសេស ដើម្បីប្រមូលសាកសពមនុស្សដែលត្រូវបានសម្លាប់ដោយការបាក់ទំនប់កាខូវខា (Kakhovka) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនក្នុងខែនេះយកទៅលាក់ទុក…។  លោក ហ្សេឡេនស្គី បាននិយាយនៅក្នុងសន្និសីទវីដេអូពេលយប់របស់លោកថា ៖«ជាក់ស្តែង រុស្ស៊ីបានបង្កើតក្រុមពិសេសនៅទីនោះ ដើម្បីប្រមូលយកសាកសពជនរងគ្រោះលាក់ទុក»។ លើសពីនេះ លោក បានពណ៌នាអំពីស្ថានភាពនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីថា នេះជាទង្វើដ៏គួរឱ្យអាម៉ាស់ដែលលាក់បាំងអំពើព្រៃផ្សៃរបស់ទីក្រុងមូស្គូ។ ទោះយ៉ាងនេះក្ដី អ៊ុយក្រែន និងរុស្ស៊ី នៅតែចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកនៅពីក្រោយការបំពាននេះ។ ការបំផ្លិចបំផ្លាញទំនប់នេះ បានធ្វើឱ្យសម្ពាធទឹកឡើងខ្ពស់ហូរកាត់តំបន់ជាច្រើននៃភាគខាងត្បូងអ៊ុយក្រែន ជាពិសេសតំបន់ ឃឺស៊ុន (Kherson) ដែលជាផ្នែកមួយកាន់កាប់ដោយទាហានរុស្ស៊ី។ គួរឱ្យសង្វេគណាស់ មនុស្សជាច្រើនត្រូវបានបង្ខំឱ្យឡើងលើដំបូលផ្ទះដើម្បីរង់ចាំការជួយសង្គ្រោះ ហើយអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងកាន់កាប់របស់រុស្ស៊ីថា អសកម្មក្នុងការជួយអ្នកដែលរងផលប៉ះពាល់ ខណៈប្រជាពលរដ្ឋ​ខ្វះ​អនាម័យ និង​ទឹក​ស្អាត។  មន្ត្រីអ៊ុយក្រែន បានកំណត់ចំនួនអ្នកស្លាប់ជាផ្លូវការ២១នាក់ រួមទាំងមនុស្ស៥នាក់ដែលបានស្លាប់ដោយសារការបាញ់ផ្លោងរបស់រុស្ស៊ីក្នុងអំឡុងពេលប្រតិបត្តិការជម្លៀស ខណៈមន្ត្រី​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់៤៦​នាក់។ ជុំវិញបញ្ហានេះ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែមិថុនាថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងតំបន់រងផលប៉ះពាល់កាន់តែអាក្រក់ទៅៗ ជាពិសេសទាក់ទងនឹងការរីករាលដាលនៃជំងឺរលាកថ្លើមប្រភេទ A។ ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងបរិស្ថានអ៊ុយក្រែនលោក រ៉ាស្លេន ស្ទ្រីឡេត (Ruslan Strilets) បានប៉ាន់ប្រមាណថា ការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ មានតម្លៃជាង ១,៥ ពាន់លានដុល្លារហើយរហូតមកដល់ពេលនេះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង