សម្តេចតេជោ ហ៊ុន សែន ផ្ដល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនជាង ៥ ពាន់ខ្នងគិតត្រឹមឆ្នាំ ២០២៣

គិត​ត្រឹម​ឆ្នាំ ២០២៣ នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​ផ្ដល់​ផ្ទះ​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន និង​គ្រួសារ សរុប​ចំនួន ៥ ១៥៤ ខ្នង។ ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៦ ទិវា​អតីត​យុទ្ធជន​កម្ពុជា ២១ មិថុនា នៅ​ព្រឹក​ថ្ងៃ​ទី ២៣ មិថុនា​នេះ លោក នឹម ថូត រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​មាន​ប្រសាសន៍​ថា ក្រៅពី​នេះ រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធជន​ជា​និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជន​ពិការ​តាមរយៈ​ផ្ដល់​ប្រាក់​វិភាជន៍​គ្រួសារ ប្រាក់​បំណាច់​ឧបត្ថម្ភ​គ្រួសារ និង​កូន​ប្រចាំខែ​ដូច​ប្រាក់​វិភាជន៍​គ្រួសារ ប្រចាំខែ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២៣ មក។ ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ចំនួន ៥ ម៉ឺន​រៀល។ ដំឡើង​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​ដល់​អតីត​យុទ្ធជន​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ដែល​ពីមុន​ទាប​ជាង ឬ​ស្មើ ៦៩ ម៉ឺន​រៀល ត្រូវ​បន្ថែម​ឲ្យ​ត្រឹម ៧៧ ម៉ឺន​រៀល ក្នុង​មួយ​ខែ។ ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​សេវា​កាត​អេធីអ៊ឹម (ATM ) តាម​ប្រព័ន្ធ​ធនាគារ​ទូទាំង ២៥ រាជធានី-ខេត្ត ចាប់ពី​ឆ្នាំ ២០១៧ ត​មក ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​បើក​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​។ ផ្ដល់​សេវា​ថែទាំ​សុខភាព​សម្រាប់​អតីត​យុទ្ធជន​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​មិន​បង់​ប្រាក់ ទៅ​តាម​មន្ទីរពេទ្យ​សាធារណៈ និង​មន្ទីរពេទ្យ​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ចាប់​តាំងពី​ខែ​មករា ឆ្នាំ ២០១៨ មក។  លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​អតីត​យុទ្ធជន​សរុប​ចំនួន ១០៦ ៩០៥ នាក់ ព្រមទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ចំនួន ១៥៣ ៦១០ នាក់ កំពុង​ទទួល​ប្រាក់​របប​គោលនយោបាយ​ពី​រដ្ឋ ដែល​ប្រាក់​របប​នេះ​ត្រូវ​បាន​កែ​សម្រួល​ជា​បន្តបន្ទាប់ ស្របតាម​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ការ​ដំឡើង​ប្រាប់​បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ។  លោក​បាន​បន្ត​ទៀត​ថា ចំពោះ​មុខ​នេះ រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ថា ក្រុម​គ្រួសារ​របស់​អតីត​យុទ្ធជន​ពលី​-​មរណៈ ទទួល​រង​ការ​លំបាក និង​បញ្ហា​ប្រឈម​ហិរញ្ញវត្ថុ ដោយសារ​ពួកគាត់​បាត់បង់​ចំណូល​ដែល​ជា​ប្រាក់ឧបត្ថម្ភ​យោធិន​ទាំងស្រុង នៅ​ពេល​អតីត​យុទ្ធជន​ជា​ប្ដី ឬ​ប្រពន្ធ បាន​ទទួល​មរណភាព។ ដូច្នេះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​គ្រួសារ​អតីត​យុទ្ធជន​ដែល​បាន​ពលី​-​មរណៈ​ដើម្បី​បុព្វហេតុ​ជាតិ រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​អត្ថប្រយោជន៍​បន្ថែម​ដូចជា បង់​វិភាគទាន ៧.០០០ រៀល ក្នុង ១ ខែ ជូន​ដល់​សមាជិក​សមាគម​ដែល​ជា​គ្រួសារ​អតីត​យុទ្ធជន​ពលី​-​មរណៈ​ចំនួន ២៣.៣២២ នាក់ កំពុង​បង់​ជាប្រចាំ​ដល់​សមាគម​អតីត​យុទ្ធជន​កម្ពុជា រាជរដ្ឋាភិបាល​ជួយ​បង់ ៥០% ស្មើនឹង ៣.៥០០ រៀល ហើយ​ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ប្រមាណ ៩៨០ លាន​រៀល ក្នុង ១ ឆ្នាំ។ លោក​បាន​បន្ថែម​ថា ការ​បង់​វិភាគទាន​នេះ​គឺ​សំដៅ​ដើម្បី​ឲ្យ​សមាជិក​សមាគម​ទទួល​បាន​អត្ថប្រយោជន៍​នានា​ពី​សមាគម​ដែល​រួមមាន​ការ​ទទួល​បាន​ថវិកា ៤ លាន​រៀល សម្រាប់​រៀបចំ​បុណ្យ​សព និង​សេវា​គាំទ្រ​ផ្សេងៗ។  ជាមួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល សម្រេច​ចំណាយ​ថវិកា​ប្រមាណ ១ ៦០០ លាន​រៀល ក្នុង ១ ឆ្នាំ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ជូន​គ្រួសារ​ជន​ពលី​-​មរណៈ​ទាំងអស់ ទាំង​ក្រុម​គ្រួសារ​ដែល​ជា​សមាជិក និង​មិនមែន​ជា​សមាជិក​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​មាន​ចំនួន​សរុប​ប្រមាណ ៥៦ ៧០០ នាក់ តាមរយៈ​មូលនិធិ​-​សមធម៌។  លោក​រដ្ឋលេខាធិការ បាន​លើក​ឡើង​ថា «ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ យក​ឱកាស​ដ៏​ឧត្ដុង្គឧត្ដម​នេះ ខ្ញុំ​សូម​លំឱនកាយ គោរព និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​វីរ​យុទ្ធជន វីរ​យុទ្ធ​នារី​កម្ពុជា​ទាំងអស់ ដែល​បាន​ធ្វើ​ពលិកម្ម​ដ៏​ធំធេង ដើម្បី​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ ជាទី​ស្នេហា​របស់​យើង»៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង