មនុស្ស ៥នាក់ក្នុងយានជ្រមុជទឹក Titan ស្លាប់អស់ហើយ

ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះដ៏មហន្តរាយ។ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនាថា “ទីតាំងមួយដែលពោរពេញទៅដោយបណែក ត្រូវបានយានប្រតិបត្តិការពីចម្ងាយ រកឃើញនៅក្នុងតំបន់ជិតកប៉ាល់ទីតានិក។  នៅក្នុងសន្និសីទនោះ លោកឧត្តមនាវីឯក John Mauger បានប្រាប់អ្នកយកព័ត៌មានថា កន្ទុយយានជ្រមុជទឹក ត្រូវបានរកឃើញនៅចំកណ្តាលនៃគំនរកម្ទេចកម្ទី។ សំណល់នៃយានជ្រមុជទឹកនេះ គឺបណ្តាលមកពីការផ្ទុះចេញពីបន្ទប់រក្សាសម្ពាធ។ គ្មានអ្វីត្រូវសង្ស័យឡើយ អ្នកដំណើរប្រាំនាក់ នឹងស្លាប់ភ្លាមៗនៅក្នុងសេណារីយ៉ូបែបនេះ។   យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែលមួយម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក កាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។  នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង