វិស័យកសិកម្មជាសក្ដានុពលចម្បងនៅស្រុកកោះសូទិន
ស្រុកកោះសូទិនមានចម្ងាយ ១០ គីឡូម៉ែត្រ ស្ថិតនៅប៉ែកខាងត្បូង នៃក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ស្រុកកោះសូទិន មានលក្ខណៈខុសប្លែកពីស្រុកផ្សេងទៀតគឺខាងលិចជាប់ទន្លេមេគង្គ ខាងកើតជាប់ទន្លេតូច ចំណែកខាងត្បូងមានផ្ទៃដីបឹង និងចម្ការដែលធ្វើឱ្យភូមិសាស្ត្រនៅទីនោះមានអំណោយផលល្អលើសក្ដានុពលកសិកម្ម។ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឱ្យដឹងថា ស្រុកកោះសូទិនមានសក្ដានុពលលើវិស័យកសិកម្ម ដែលមានដំណាំពោត ស្រូវ សណ្ដែក និងថ្នាំជក់។ លោកអភិបាលស្រុកបញ្ជាក់ឱ្យដឹងថា ប៉ុន្មានឆ្នាំកន្លងមកនេះ ការអភិវឌ្ឍក្នុងស្រុកមានការរីកចម្រើនដោយសារមានការគិតគូពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងសំណង់អាគារជាដើម។ ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ផ្លូវបេតុង ២ ខ្សែ នៅស្រុក កោះសូទិន ពីភូមិផ្សារថ្មីទៅ ព្រំប្រទល់ស្រុកស្រីសន្ធរ ខាងជើងពីភូមិផ្សារថ្មី រហូតដល់ភូមិ ព្រែក ចង្ក្រាន ឃុំល្វេ ដែលសមិទ្ធិផលនេះបានជួយសម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅដល់ពលរដ្ឋ។ របាយការណ៍ខេត្តកំពង់ចាម បង្ហាញថា សក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាមពឹងផ្អែកលើវិស័យចំនួន ៣ គឺវិស័យកសិកម្ម មានចំណែក ៤១ ភាគរយ សេវាកម្ម មានចំណែក ៣៧,៧ ភាគរយ និងឧស្សាហកម្ម ២១ ភាគរយ។ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម សរុប ១ ៨០៥ លានដុល្លារ ដែលចំណូលមនុស្សម្នាក់មានប្រមាណ ១ ៧០០ ដុល្លារ នៅក្នុងឆ្នាំ ២០២៣៕ សម្រួលដោយ ទៀង បុណ្ណរី