អាវុហត្ថរាជធានី បង្ក្រាបបានក្រុមHacker ៥នាក់ ដែលឆបោកប្រាក់ពលរដ្ឋតាម Telegram
កម្លាំងជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមHacker ចំនួន៥នាក់ ដែលបានឆបោកប្រាក់ពលរដ្ឋជាច្រើនតាមប្រព័ន្ធ Telegram។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យដែលជាក្រុមបោកបញ្ឆោតតាមប្រព័ន្ធ Telegram នេះ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី១៧ ១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនក្រុមទាំងនេះបានចំនួន៥នាក់ ក្នុងនោះមានជនជាតិចិន៤នាក់ និងជនជាតិខ្មែរម្នាក់។ យោងតាមរបាយការណ៍របស់កងរាជងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការ Phnom Penh Gendarmerie នៅរសៀលថ្ងៃទី២២ ខែមិថុនា នេះបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។ ២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសម្លេង ឲ្យក្រុម Hacker។ ៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្តាញបន្ថែម និងពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។ ៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។ ៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។ តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថា ពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឭពួកវាប្រាប់ថារស់នៅប្រទេសថៃ ហើយពួកវាប្រាប់ថា អាចហែកតេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទ ឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា។ រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យ ក្រុម Hacker តាមរយៈធនាគារ ហ៊ុយវ័ង។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអំបាវនាវឲ្យអ្នកប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឲ្យយើងតាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើង ទៅពួកគេនោះឡើយ ហើយបើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឲ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀងវាងការខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយ លើការប្រើប្រាស់ទូរស័ព្ទ៕ សម្រួលដោយ ទៀង បុណ្ណរី