អាងអ្វី..? បានជាការាសជួសជុលរថយន្ត ម៉ែក សឺដេស មួយកន្លែង យករថយន្តដាក់ពេញផ្លូវជាថ្មី ខណៈអាជ្ញាធរទើបនឹងចុះរៀបចំមិនបានមួយខែផង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា ទើបនឹងចុះរៀបចំសណ្តាប់ធ្នាប់មិនបានមួយខែផង ទីតាំងយានដ្ឋានអូតូ ម៉ែក សឺដេស មួយកន្លែង បានបន្តយករថយន្តជួសជុលមកដាក់ពេញផ្លូវលើសដើម ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៦  ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ…។  ប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះ បានឱ្យដឹងថា ម្ចាស់យានដ្ឋានខាងលើ បានដាក់រថយន្តជួសជុលហៀប្រេងប្រឡាក់ពេញផ្លូវម្ដងហើយម្ដងទៀត ដូចជាមិនខ្លាចញញើតនឹងការចុះណែនាំរបស់អាជ្ញាធរខណ្ឌទាល់តែសោះ និងបានបង្កឱ្យមានភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ និងស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះម្ដងជារឿយៗ ខណៈប្រេងម៉ាស៊ីនដែលបង្ហូរពីការជួសជុលរថយន្ត ក៏បានហូរកាត់មុខផ្ទះប្រជាពលរដ្ឋក្បែរនោះ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសាធារណៈជាខ្លាំង។ ជាមួយគ្នានោះ ពលរដ្ឋម្នាក់ដែលរងផលប៉ះពាល់ខ្លាំង បានលើកឡើងថា៖ «បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃមិនចូលដែរ» តើម្ចាស់ទីតាំង យានដ្ឋានអូតូ ម៉ែក សឺដេស មួយកន្លែងនេះ មានខ្នងបង្អែកជានរណា បានជាអាជ្ញាធរទើបតែចុះរៀបចំសណ្តាប់ធ្នាប់មិនបានមួយខែផង ហ៊ានយករថយន្តមកដាក់ជួសជុលពេញផ្លូវលើសដើមយ៉ាងដូច្នេះ…?ទន្ទឹមនឹងនោះ ពួកគាត់ដែលជាអ្នករស់នៅនឹងឆ្លងកាត់ផ្លូវតំបន់នេះ សូមធ្វើការស្នើសុំយ៉ាងទទូចទៅកាន់អាជ្ញាធរសង្កាត់វាលវង់ ជាពិសេស អាជ្ញាធរខណ្ឌ៧មករា​ មេត្តាចុះមកពិនិត្យមើលម្ដងទៀត និងគួរតែចាត់វិធានការក្ដៅទៅលើយានដ្ឋាន អូតូ ម៉ែក សឺដេស មួយនេះ ឱ្យបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យម្ចាស់យានដ្ឋានមួយនេះ យកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកន្លែងសម្រាប់ដាក់ជួសជុលរថយន្តផ្ទាល់ខ្លួនជាបន្តទៀត និងដើម្បីរក្សាតម្លៃ កិត្តិនាមរបស់អាជ្ញាធរសមត្ថកិច្ចក្នុងនាមជាអ្នកកាន់ច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។   គួររម្លឹកដែរថា​ កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅថ្មីៗនេះ បន្ទាប់ពីសារព័ត៌មាន ធី អិន អឹម ធ្វើការចុះផ្សាយពីសកម្មភាព  ម្ចាស់យានដ្ឋានអូតូ ម៉ែក សឺដេស យកចិញ្ចើមផ្លូវសាធារណៈរបស់ធ្វើអាជីវកម្មផ្ទាល់ខ្លួន កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ម្ដងរួចមកហើយ ដែលមានលក្ខណៈល្អប្រសើរឡើងវិញ នៅបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងអាចសម្រួលដល់ការកកស្ទះចរាចរណ៍ឱ្យនៅមានកម្រិតមួយទាប ប៉ុន្តែម្ចាស់យានដ្ឋានជួសជុលរថយន្តខាងលើនេះ នៅតែបន្តរំលោភលើចិញ្ចើមផ្លូវរបស់រដ្ឋដដែល និងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាពក្រុង រួមទាំងបង្កការកក់ស្ទះចរាចរណ៍ឡើងវិញផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង