ជនជាតិអាម៉េរិកាំងម្នាក់ ព្យាយាមជួយជ្រោមជ្រែងយុវតីខ្មែរម្នាក់ទទួលបានសញ្ជាតិអាម៉េរិក

រាជធានីភ្នំពេញ៖ លោក ចន វីលីស (John Willis) ដែលជាជនជាតិអាម៉េរិកម្នាក់ បាននឹងកំពុងព្យាយាមជួយកូនស្រីចិញ្ចឹមស្របច្បាប់ជាជន​ជាតិ​​ខ្មែរម្នាក់របស់ខ្លួន ក្នុងការទទួលបានសញ្ជាតិអាម៉េរិក បន្ទាប់ពីរូបលោក បានចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីនា​ងមា​ន​អា​យុ​៥ឆ្នាំ តាមសំណើរបស់គ្រួសារក្រីក្ររបស់នាង។ កូនស្រីចិញ្ចឹមរបស់លោកមានឈ្មោះ វណ្ណា វីលីស មានសិទ្ធិដាក់​ពាក្យ​សុំសញ្ជាតិអាម៉េរិក តាម​រ​យៈ​ដំណើរការពិសេសមួយហៅថា N-600K សម្រាប់គ្រួសារជនជាតិអាម៉េរិក ដែលរស់​នៅក្រៅ​ប្រ​ទេ​សជាអចិន្ត្រៃយ៍។  បន្ទាប់ពីធ្វើការជាមួយគ្នាទៅវិញទៅមកអស់រយៈពេលជាងប្រាំឆ្នាំ អង្គ​ភាព​សេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាម៉េរិក (USCIS) បានសម្រេចចិត្តយ​កដំណើរកា​រ​កិ​ច្ច​កា​រងារនេះទៅជំហានចុងក្រោយ ហើយអញ្ជើញ វណ្ណា មកសហរដ្ឋអាម៉េរិក ដើម្បីទទួលការសម្ភាសន៍។ ខណៈពេលដែល USCIS មានសិទ្ធិអំណាចក្នុងការផ្តល់សញ្ជាតិ ស្ថានទូតនៅភ្នំពេញមានអំណាចក្នុងការផ្តល់ ឬបដិសេធ​ទិដ្ឋាការ​ដល់ព​លរ​ដ្ឋ​ក​ម្ពុជា។ ក្នុងន័យនេះ ស្ថានទូត គឺជាអ្នកយាមច្រកទ្វារនៃដំណើររបស់នាង ពោលគឺអាចកំណត់ជោគវាសនារបស់វណ្ណា ជាមួ​យ​និងសញ្ជាតិអាម៉េរិករបស់នាង។ កូនស្រីចិញ្ចឹមលោក ចន វីលីស គឺយុវតី វណ្ណា វីលីស អាចនឹងក្លាយជាពលរដ្ឋអាម៉េរិកនៅសប្ដាហ៍ក្រោយ ប៉ុន្តែស្ថានទូតអា​មេ​រិកកំពុង​រា​រាំង​នា​ង​ដោយបំពេញការងារចាកឆ្ងាយចេញពីសៀវភៅណែនាំកិច្ចការបរទេសរបស់ពួកគេ។ លោកថា «អង្គ​ភាព​សេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាម៉េរិក (USCIS) បានអញ្ជើញ វណ្ណា មកសហរដ្ឋអាម៉េរិក ដើម្បីធ្វើការ​សម្ភាសន៍សុំសញ្ជាតិ។ បញ្ហាគឺនៅត្រ​ង់​ថា​ នាងត្រូវតែធ្វើវាឥឡូវនេះ មុនពេលនាងមានអាយុ១៨ឆ្នាំ នៅសប្តាហ៍ក្រោយ បើ​មិ​ន​​ដូច្នោះទេ នាងនឹងបាត់បង់ឱកាសនេះជារៀងរ​ហូ​ត​»​។ លោកបន្តថា វណ្ណា បានត្រៀមខ្លួនរួចរាល់ ដើម្បីឡើង​យន្តហោះ​ជា​មួ​យឪពុករបស់ខ្លួន ធ្វើដំណើរដ៏វែងឆ្ងាយទៅសហរដ្ឋ​អា​មេ​រិ​ក​។​ ប៉ុន្តែរឿងតែមួយគត់ដែលរារាំងនាងនោះ គឺការបដិសេធរ​ប​ស់​ស្ថានទូតអាម៉េរិក ក្នុងការផ្តល់ទិដ្ឋាការដល់នាង ដែលនាងត្រូវការសម្រាប់ចូលក្នុងទឹកដីសហរដ្ឋអាម៉េរិក ហើយចូលរួមការ​សម្ភាសន៍យកសញ្ជាតិរបស់នាងជាមួយ USCIS ដែលជាទីភ្នាក់ងារផ្សេងមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។  ប្រសិនបើស្ថានទូតមានការយោគយល់ ហើយអនុញ្ញាតឱ្យនាងទៅទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ចននិយាយថា លោក​នឹង​នាំ​​វណ្ណាទៅជួបឪពុកម្តាយចិញ្ចឹមចាស់ជរារបស់នាងដោយផ្ទាល់ ទៅធ្វើទស្សនកិច្ចនៅតាមសាកលវិទ្យាល័យនានា ហើយប​ន្ទាប់​​មកត្រឡប់មកប្រទេសកម្ពុជាវិញ។ ដោយសារនាងនៅសល់ពេលមួយឆ្នាំទៀត ដើម្បីបញ្ចប់វិទ្យាល័យក្នុងប្រទេសកម្ពុជា វណ្ណាចង់ទៅមើលមហាវិទ្យា​ល័យដែលនាងចង់ចូលរៀននៅឆ្នាំក្រោយ ដើម្បីបន្តក្ដីសុបិនចង់ក្លាយជាសត្តវិទូម្នាក់។ មន្ត្រីកុងស៊ុលនៅស្ថានទូតអាម៉េរិកជុំវិញពិភពលោក តែងអនុវត្តតាមសៀវភៅ​ណែនាំកិច្ចកា​របរទេស​ក្នុង​ការសម្រេច​ចិត្ត​ថា តើ​ត្រូវ​ផ្តល់ទិដ្ឋាការឬអត់។ ជាទូទៅ អ្នកដាក់ពាក្យសុំទិដ្ឋាការសម្រាប់ទៅទស្សនកិច្ច ត្រូវតែបង្ហាញ​ថាពួក​គេមិន​មានបំ​ណង​ស្នា​ក់​​នៅជាអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាម៉េរិកតាមទិដ្ឋាការនោះឡើយ។ ប៉ុន្តែយោងតាមសៀវភៅណែនាំកិច្ចការបរទេស កុមារ​ដែ​ល​ឪ​ពុកម្តាយរស់នៅក្រៅសហរដ្ឋអាម៉េរិក ហើយមានបំណងបន្តធ្វើដូច្នេះទៀត ត្រូវបានគេសន្មត់ថា​ មិនមានបំ​ណងធ្វើអន្តោ​ប្រ​វេស​​ន៍ភ្លាមៗទៅកាន់សហរដ្ឋអាម៉េរិកនោះទេ ដូច្នេះហើយគួរតែត្រូវបានចេញទិដ្ឋាការដើម្បីចូលរួមការសម្ភាស N600K ។  លោក ចន និយាយថា គ្មានផ្លូវទេដែលវណ្ណាមិនត្រលប់មកវិញ បន្ទាប់ពីដំណើរទស្សនកិច្ចរ​បស់ពួក​គេទៅសហរ​ដ្ឋអាមេ​រិក​នោះ​។ ​វណ្ណា​ពឹងផ្អែកទាំងស្រុងលើគាត់ ហើយបើចនទៅណា នាងក៏ទៅទីនោះដែរ។ លោក ចន បាននិយាយថា «ពួកគេ​មិ​ន​ទា​ន់​បានសម្ភាសខ្ញុំ ឬមើលភស្តុតាងទាំងអស់ ដែលពួកយើងបានដាក់ទៅ ដែលបង្ហាញថាយើងនឹងត្រ​លប់មកវិ​ញបន្ទា​ប់ពី​ការ​ធ្វើ​ដំណើរនេះទេ»។ ក្ដីស្រមៃរបស់វណ្ណា ក្នុងការក្លាយជាសត្តវិទូម្នាក់ ត្រូវបានបំផុសគំនិតដោយ Suwanna Gauntlett ដែលជានាយកប្រតិបត្តិ និង​ជា​ស្ថាបនិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលចនបានធ្វើការអស់រយៈពេល១១ឆ្នាំកន្លងមក ហើយមានតួនា​ទីជានា​យក​ប្រចាំ​ប្រទេស។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃតែងជួយសង្គ្រោះសត្វ ពីការជួញដូរសត្វព្រៃខុសច្បាប់ តែងការពារព្រៃឈើកម្ពុជា និងផ្តល់ការចិញ្ចឹមជីវិតដល់ប្រជាជនក្រីក្រដែលរស់នៅក្បែរតំបន់ព្រៃភ្នំ….៕  ​ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង