អាម៉េរិកដាក់ទណ្ឌកម្មលើក្រសួងការពារជាតិ និងធនាគាររបស់របបយោធាមីយ៉ាន់ម៉ា

សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី ២១ ខែមិថុនា បានដាក់ទណ្ឌកម្មលើក្រសួងការពារជាតិរបស់ប្រទេសមីយ៉ាន់ម៉ា និងធនាគារចំនួន ២ ដែលប្រើប្រាស់ដោយរបបយោធា ដើម្បីទិញអាវុធ និងទំនិញផ្សេងទៀតពីប្រភពបរទេស។  ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាបានពឹងផ្អែកលើប្រភពបរទេស រួមទាំងអង្គភាពរុស្ស៊ីដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដើម្បីទិញ និងនាំចូលអាវុធ បរិក្ខារ និងវត្ថុធាតុដើមសម្រាប់ផលិតអាវុធ ដើម្បីគាំទ្រដល់ការគាបសង្កត់យ៉ាងឃោរឃៅរបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រសួងការពារជាតិថាបាននាំចូលទំនិញ និងសម្ភារៈមានតម្លៃយ៉ាងហោចណាស់ ១ ពាន់លានដុល្លារអាម៉េរិក ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១។  ធនាគារពាណិជ្ជកម្មបរទេសរបស់មីយ៉ាន់ម៉ា (MFTB) និងធនាគារ Myanma Investment and Commercial Bank (MICB) ក៏រងទណ្ឌកម្មផងដែរ។ រតនាគារសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា៖«ធនាគារទាំងនោះបានអនុញ្ញាតឱ្យសហគ្រាសរដ្ឋដែលបង្កើតប្រាក់ចំណូល រួមទាំងសហគ្រាសប្រេង និងឧស្ម័នមីយ៉ានម៉ា (MOGE) ចូលទៅកាន់ទីផ្សារអន្តរជាតិ។ ធនាគារទទួល និងបញ្ជូនរូបិយបណ្ណបរទេសសម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា»។  លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា របបយោធាបានបង្កើនការចូលដំណើរការរបស់រដ្ឋទៅកាន់ទីផ្សារអន្តរជាតិដើម្បីនាំចូលអាវុធ និងសម្ភារៈរួមទាំងពីអង្គភាពរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម ដើម្បីបន្តអំពើហិង្សា និងការគៀបសង្កត់។  សហរដ្ឋអាម៉េរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មជាច្រើនលើកលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ចាប់តាំងពីពួកគេបានដណ្តើមអំណាចក្នុងរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ដោយបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី និងបានសម្លាប់អ្នកប្រឆាំងរាប់ពាន់នាក់នៅក្នុងការបង្ក្រាបយ៉ាងឃោរឃៅ។   អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនមិនមានការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មថ្មីណាមួយឡើយ។ លោក Zaw Min Tun បានប្រាប់បណ្តាញផ្សព្វផ្សាយរដ្ឋ MWD កាលពីថ្ងៃអង្គារថា ប្រទេសនេះធ្លាប់រងទណ្ឌកម្មពីមុនមក ហើយពួកគេនឹងមិនប្រឈមមុខនឹងការខាតបង់ទេ ប្រសិនបើមានធនាគារថ្មីរបស់រដ្ឋមីយ៉ាន់ម៉ាត្រូវបានដាក់ទណ្ឌកម្ម។ លោក​បានបន្ត​ថា សហរដ្ឋ​អាម៉េរិក​គ្រាន់តែ​ធ្វើ​បែប​នេះ​ដើម្បី​បង្ក​ការ​លំបាក​ក្នុង​សេដ្ឋកិច្ច និង​នយោបាយ។ ប៉ុន្តែ ការធ្វើបែបនេះ​នឹង​បង្ក​ឱ្យ​មានការ​ពន្យារ​ពេល​ក្នុងដំណើរ​ឆ្ពោះទៅរក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​»​។  សារព័ត៌មាន Bangkok Business News បានរាយការណ៍ថា ទណ្ឌកម្មនេះនឹងប៉ះពាល់ដល់ប្រទេសថៃ និងប្រទេសដទៃទៀតក្នុងតំបន់ផ្នែកហិរញ្ញវត្ថុ ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយធនាគារក្នុងស្រុក។ ស្ថានទូតអាម៉េរិក បានបញ្ជាក់ថា ខ្លួនមានការសន្ទនាជាទៀងទាត់ជាមួយរដ្ឋាភិបាលថៃស្តីពីមីយ៉ាន់ម៉ា រួមទាំងវិធីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មណាមួយមកលើប្រទេសថៃ ឬប្រទេសដទៃទៀត។ របាយការណ៍ខែកុម្ភៈដោយអង្គការសិទ្ធិមនុស្ស និងបរិស្ថានមិនរកប្រាក់ចំណេញរបស់អាម៉េរិក EarthRights International បានបង្ហាញថា ធនាគារទាំងពីរគឺជា រតនាគាររូបិយបណ្ណបរទេស របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់របបយោធា។ របបយោធាពឹងផ្អែកលើរូបិយបណ្ណបរទេសដើម្បីទិញឥន្ធនៈយន្តហោះ គ្រឿងបន្លាស់សម្រាប់ផលិតអាវុធធុនតូច និងការផ្គត់ផ្គង់ផ្សេងទៀតដែលមិនអាចទិញបានជាមួយនឹងប្រាក់ដុល្លារមីយ៉ាន់ម៉ា។ ការដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារទាំង ២ អាចរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់ផ្តាច់លំហូររូបិយបណ្ណបរទេសរបស់រដ្ឋាភិបាល៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង