នាវាមុជទឹកផ្ទុកមនុស្ស៥នាក់ បានបាត់ខ្លួន ខណៈពួកគេទៅទស្សនាខ្មោចកប៉ាល់Titanic!
បរទេស៖ គិតត្រឹមម៉ោង១១៖៣០នាទីយប់ថ្ងៃអង្គារទី២០ ខែមិថុនា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) នាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate Expeditions ។
ដែលបានធ្វើដំណើរទៅកាន់ ទីតាំងខ្មោចកប៉ាល់ Titanic ដែលបានលិច តាំងតែពីឆ្នាំ ១៩១២ នៅសមុទ្រអាត្លង់ទិក ភាគអាគ្នេយ៍ នៃតំបន់ Newfoundland របស់ប្រទេសកាណាដា នៅតែបន្តបាត់ដំណឹងនៅឡើយ!។ ខណៈនាវាមុជទឹក Titan បានទៅកម្សាន្តសម្រាប់រយៈពេល៨ថ្ងៃ របស់ពួកគេ កាលពីវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងនៅអង់គ្លេស)។ នៅថ្ងៃអង្គារនេះ អត្តសញ្ញាណរបស់មនុស្សទាំង ៥នាក់ នៅក្នុងនាវាមុជទឹកខ្នាតតូចនោះ ។ ត្រូវបានបង្ហាញទាំងអស់ហើយ នោះគឺលោក Stockton Rush ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ផ្ទាល់, លោក Hamish Harding ជាមហាសេដ្ឋីអង់គ្លេស, មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Sulaiman Dawood ដែលមានអាយុ ១៩ឆ្នាំ ព្រមទាំងលោក Paul-Henri Nargeolet ជាអ្នកជំនាញមុជទឹកជនជាតិបារាំង។ គិតត្រឹមថ្ងៃអង្គារនេះ ការរុករកទ្រង់ទ្រាយធំ ដែលដឹកនាំដោយកងកម្លាំងឆ្មាំសមុទ្រអាមេរិក សហការជាមួយកងកម្លាំងកាណាដា ។ កំពុងបន្តការរុករក និងត្បុលចូលក្នុងសមុទ្រទឹកជ្រៅផងដែរ ដែលការរុករកកន្លងមកនេះ បានរាលដាលដល់ផ្ទៃសមុទ្រទំហំជិត ១៧,០០០គីឡូម៉ែត្រក្រឡា ឯណោះ។ សម្រាប់ទីតាំងរបស់ខ្មោចកប៉ាល់ Titanic វិញ គឺស្ថិតនៅបាតសមុទ្រអាត្លង់ទិកជម្រៅ ៣.៧គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃតំបន់ Newfoundland របស់ប្រទេសកាណាដា (មើលផែនទី ដើម្បីយល់ដឹងទីតាំងជាក់លាក់)។ សម្រាប់កម្រិតអុកស៊ីហ្សែន នៅក្នុងនាវា Titan នឹងអាចឲ្យមនុស្សទាំង ៥នាក់ ដកដង្ហើមបានដល់ម៉ោង ១២៖០០ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ប៉ុណ្ណោះ (គិតតាមម៉ោងនៅអង់គ្លេស)។ ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ (បូករួមទាំងការចុះទៅទស្សនា ខ្មោចកប៉ាល់ទីតានិក) ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions។ សម្រាប់មូលហេតុនៃការជាប់គាំង ឬបាត់ដំណឹងនោះ មិនទាន់មានការបញ្ជាក់ឡើយ ប៉ុន្តែនាវាមុជទឹក Titan នោះធ្លាប់មានបទពិសោធន៍ចុះទៅកាន់ទីតាំងខាងលើនេះ ប៉ុន្មានលើករួចមកហើយ។ សារព័ត៌មាន CNN របស់អាមេរិក ក៏បានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុនខាងលើនេះ ដើម្បីសុំការបកស្រាយដែរ ប៉ុន្តែមិនមានការឆ្លើយតបនោះឡើយ។ ដោយឡែកលោក Alistair Greig វិស្វករផ្នែកនាវាមុជទឹក មកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានពន្យល់ថា «ប្រភេទនាវាមុជទឹកខ្នាតតូច (submersible) ដូចជា Titan នេះ តែងមានភ្ជាប់នូវឧបករណ៍បង្កើនទម្ងន់ (drop weight) ។ ដើម្បីឲ្យវាអាចទម្លាក់ខ្លួនប្រកបដោយទម្ងន់ ចូលទៅក្នុងទឹកជ្រៅៗបាន ហើយឧបករណ៍នេះក៏អាចពន្លែងទម្ងន់នោះចេញវិញដែរ ដែលអាចឲ្យនាវានោះអណ្តែតមកលើផ្ទៃទឹកវិញ ដោយស្វ័យប្រវត្តិ ក្នុងករណីមានអាសន្នណាមួយ»។ លោក Greig បានបន្ថែមទៀតថា «ប្រសិនបើស្ថិតក្នុងសេនារីយ៉ូខាងលើនេះ ពួកគេទាំង ៥នាក់ អាចមានសុវត្ថិភាពនៅក្នុងនាវានោះ ឬក៏បានអណ្តែតទៅទើលើទីតាំងណាមួយរួចទៅហើយ ដោយរង់ចាំតែក្រុមអ្នកសង្គ្រោះរកឃើញប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់សេនារីយ៉ូមួយទៀតវិញ នោះគឺការលេចធ្លាយបន្ទប់រក្សាសម្ពាធ (pressure hull) ហើយប្រសិនបើកើតឡើងបែបនេះមែន នោះមិនមែនជារឿងល្អឡើយ…»៕ សម្រួលដោយ ទៀង បុណ្ណរី