ផ្ទាំងទឹកកកនៅភ្នំហិមាល័យ នឹងបាត់បង់រហូតដល់៧៥ភាគរយ នៅឆ្នាំ២១០០

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ផ្ទាំងទឹកកកនៅភ្នំហិមាល័យរបស់អាស៊ី អាចបាត់បង់រហូតដល់៧៥ភាគរយ នៃបរិមាណសរុបនៅចុងសតវត្សន៍ ដោយសារតែការឡើងកម្តៅផែនដី ដែលអាចបណ្តាលឱ្យមានទាំងទឹកជំនន់ដ៏គ្រោះថ្នាក់ និងការខ្វះខាតទឹកសម្រាប់ប្រជាជន២៤០លាននាក់ ដែលរស់នៅតំបន់ជុំវិញ។  ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានរកឃើញថា ការបាត់បង់ទឹកកកក្នុងតំបន់ ដែលជាកន្លែងរបស់កំពូលភ្នំ អេវើរ៉េសEverest និងខេ២ កំពុងតែមានល្បឿនលឿន។ ក្នុងកំលុងទសវត្សរ៍ឆ្នាំ២០១០ ផ្ទាំងទឹកកកបានរលាយក្នុងល្បឿន៦៥ភាគរយ លឿនជាងកាលពីទសវត្សរ៍មុន នេះបើយោងតាមការវាយតម្លៃដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍភ្នំចម្រុះ ដែលមានមូលដ្ឋាននៅទីក្រុងកាត់ម៉ាន់ឌូ Kathmandu (ICIMOD) ដែលជាអាជ្ញាធរវិទ្យាសាស្រ្តអន្តររដ្ឋាភិបាលក្នុងតំបន់។ លោកហ្វីលីភូស វេស្ទ័រ Philippus Wester អ្នកវិទ្យាសាស្រ្តបរិស្ថាន និងជាសហការី ICIMOD ដែលជាអ្នកដឹកនាំរបាយការណ៍បាននិយាយថា៖ «យើងកំពុងបាត់បង់ផ្ទាំងទឹកកក ហើយយើងនឹងបាត់បង់វាក្នុងរយៈពេល១០០ឆ្នាំខាងមុខ»។  ជួរភ្នំ ហិនឌូ ខើសហ៍ Hindu Kush លាតសន្ធឹងប្រវែង៣៥០០គីឡូម៉ែត្រ កាត់ប្រទេសជាច្រើនរួមមាន៖ អាហ្គានីស្ថាន បង់ក្លាដែស ប៊ូតង់ ចិន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ និងប៉ាគីស្ថាន។ របាយការណ៍ បានបង្ហាញថា នៅសីតុណ្ហភាព១,៥អង្សាសេ ឬ២អង្សាសេនៃការឡើងកម្តៅលើសពីសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម ផ្ទាំងទឹកកកទូទាំងតំបន់ទាំងមូលនឹងបាត់បង់ពី៣០ភាគរយទៅ៥០ភាគរយនៃបរិមាណរបស់វានៅឆ្នាំ២១០០។ ប៉ុន្តែកន្លែងដែលផ្ទាំងទឹកកកនឹងរលាយភាគច្រើនអាស្រ័យលើទីតាំង។ នៅសីតុណ្ហភាព៣អង្សារសេ លើសពីសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម ផ្ទាំងទឹកកកនៅជួរភ្នំហិម៉ាឡៃយ៉ា ភាគខាងកើត ដែលរួមមាន៖ ប្រទេសនេប៉ាល់ និងប៊ូតាន នឹងបាត់បង់រហូតដល់ទៅ៧៥ភាគរយ នៅសីតុណ្ហភាព៤អង្សារសេ វាឡើងដល់៨០ភាគរយ។  ជាមួយនឹងការយល់ដឹងថ្មីនេះ វាបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាជន ដែលរស់នៅតំបន់ជួរភ្នំ ហិនឌូ ខើសហ៍ Hindu Kush។ របាយការណ៍បានរកឃើញថា លំហូរទឹកនៅក្នុងអាងទន្លេទាំង១២ក្នុងតំបន់ រួមមាន៖ ទន្លេគង្គា, អ៊ីឌើស Indus និងមេគង្គ ទំនងជាឈានដល់កម្រិតកំពូលនៅពាក់កណ្តាលសតវត្សរ៍ ដែលអាចបង្កផលវិបាកដល់ប្រជាជនជាង១,៦ពាន់លាននាក់ ដែលពឹងផ្អែកលើការផ្គត់ផ្គង់ពីទន្លេទាំងនេះ។ លើសពីនោះ ការរលាយផ្ទាំងទឹកកក ក៏បង្កគ្រោះថ្នាក់ដល់សហគមន៍ខាងក្រោមផងដែរ។ រដ្ឋាភិបាលជាច្រើនកំពុងព្យាយាមរៀបចំសម្រាប់ហេតុការណ៍ ដែលអាចកើតមានឡើង។ ចិន​កំពុង​ធ្វើ​ការ​ដើម្បី​ពង្រឹង​ការ​ផ្គត់ផ្គង់​ទឹក​របស់​ប្រទេស។ ហើយ​ប៉ាគីស្ថាន​កំពុង​ដំឡើង​ប្រព័ន្ធ​ប្រកាស​អាសន្ន​សម្រាប់​បឹង​ទឹកកក​ដែល​ជន់​លិច៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង