ឈឿង ល្វៃ នឹងទទួលបានម៉ូតូមួយគ្រឿងភ្លាម បើឈ្នះគូសត្រូវចាស់ សាមី បានឆាមេក

គុនខ្មែរ៖ ប្រធានក្លឹបប្រដាល់គុនខ្មែរជើងឯកពិភពលោក លោក ស្រី ចាន់ថន នឹងឧបត្ថម្ភម៉ូតូធំមួយគ្រឿងភ្លាម ដល់កីទ្បាករ ឈឿង ល្វៃ ប្រសិនបើរូបគេប្រកួតសងសឹងឈ្នះកីទ្បាករថៃ សាមី បានឆាមេក ដែលត្រូវធ្វើទ្បើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ខណៈការប្រកួតលើកទី១ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានបរាជ័យក្រោមស្នៀតជើងពិឃាតរបស់អ្នកលេងមួយថៃ សាមី បានឆាមេក នៅទឹកទី ៤…។ កាលពីប្រកួតលើកទី១ នាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីខេត្តសៀមរាប អ្នកលេងគុនខ្មែរ និងមួយថៃ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដែលនិយមតាមដានទស្សនាវិស័យកីឡាប្រដាស់ក្នុងស្រុក និងក្រៅស្រុក។ អ្វីដែលពិសេសនោះ សម្រាប់គូរទាំងពីរនេះ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានវាយកែងសន្ធាប់ឱ្យលោកអាជ្ញាកណ្ដាលរាប់អ្នកលេងមួយថៃ សាមី បានឆាមេក ៨ម្ដងក្នុងទឹកទី៣ ប៉ុន្តែអ្នកលេងមួយថៃនេះ ហាក់ទប់ជំហរបាន និងព្យាយាមទាត់ជើងក្រោមទៅលើកីឡាករ ឈឿង ល្វៃ វិញ ធ្វើឱ្យអាជ្ញាកណ្ដាលរាប់អ្នកលេងគុនខ្មែរ៨វិញម្ដង ក្នុងទឹកដដែល។  យ៉ាងណា នៅចុងទឹកទី៣ កីឡាករ ឈឿង ល្វៃ បានទាត់​កញ្ចឹង-​ក​ សាមី បានឆាមេក ធ្វើឱ្យ​​លោកអាជ្ញា​កណ្តាល​រាប់៨ ជាលើកទឹកទី២ មុនចប់ទឹក។ លុះចូលដល់ទឹកទី៤ អ្នកលេងមួយថៃ ហាក់ដឹងចំណុចខ្សោយកីឡាករគុនខ្មែរ ឈឿង ល្វៃ និងបានទាត់បំបែកកង់ឱ្យកីឡាករ ឈឿង ល្វៃ ដើរលែងរួច និងបានបោះបង់ចោលការប្រកួតតែម្ដង។ ចាប់តាំងពីពេលនោះមក អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានផ្អាកទ្បើងលើសង្វៀងមួយរយៈ ដោយសាររូបគេ ត្រូវ​ហ្វឹក​ហាត់​​ដើម្បី​ប្រកួត​ឃីក​បុក​ស៊ីង ​ក្នុង​កីឡា​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ ជាលទ្ធផល ឈឿង ល្វៃ ទទួលបានមេដាសមាស​​ទម្ងន់​៧១​គីឡូក្រាម បន្ទាប់ពីយកឈ្នះលើកីទ្បាករថៃក្នុងវគ្គផ្តាច់ព្រ័ត្រ។ ហើយបច្ចុប្បន្ន អ្នកគាំទ្របានផ្គូផ្គង់កីឡាករទាំងពីរឱ្យជួបគ្នាម្ដងទៀត ដើម្បីជម្រះបញ្ជីចាស់។  ជំនួបដ៏ជក់ចិត្តរវាងអ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការប្រកួត​សង​សឹកជាលើកទី២ ជាមួយនឹងអ្នកលេងគុនមួយថៃ សាមី បានឆាមេក ដែលការប្រកួតនេះមានតែ៣ទឹកប៉ុណ្ណោះ។ ដូច្នេះ ឈឿង ល្វៃ អាចមានសង្ឃឹមស្តាកេរ្តិ៍ឈ្មោះបានមកវិញ ព្រោះកាយសម្បទារបស់គេរឹងមាំ និងស៊ុហ្វ​ខ្លាំង​ ហើយភាគ​ច្រើនវាយ​៣​ទឹកគឺកម្លាំងរបស់គេមិនអស់នោះទេ។   ដោយទ្បែក ងាកមកមើលអ្នកលេងមួយថៃ សាមី បានឆាមេក ក៏មិនធម្មតាដែរសម្រាប់ការប្រកួតលើកទី២នេះ គេបានហ្វឹកហាត់ទាត់កាន់តែខ្លាំង ព្រោះកាលពីជំនួបលើកទី១ រូបគេបានប្រើប្រាស់ជើងពិឃាតទាត់ ឈឿង ល្វៃ ឱ្យបោះបង់ការប្រកួត ដូច្នេះការប្រកួតលើកទី២ គេក៏សង្ឃឹមថា នឹងអាចធ្វើបានល្អដូចលើកមុនទៀត។ សាមី បានឆាមេក ជាកីទ្បាករមានកាយសម្បទារឹងមាំ កម្លាំង​ស៊ុហ្វ​ល្អ និង​មានបច្ចេកទេស​ខ្ពស់។  បន្ថែមពីនេះ រូបគេក៏ធ្លាប់មកប្រកួតនៅលើស​ង្វៀន​ស្រុក​ខ្មែរចំនួន៦លើករួចមកហើយ ពោលគឺឈ្នះ ៣ ចាញ់២ និងស្មើ១ គឺមានកំណត់ត្រាល្អ និងទទួលបានបទពិសោធច្រើនពីគុនខ្មែរ ដូចនេះយើងរង់ចាំមើលថា តើជំនួបលើកទី២ អ្នកលេងគុនខ្មែរ ឬអ្នកលេងមួយថៃ នរណាជាអ្នកឈ្នះ? ខណៈដែលម្ចាស់ក្លឹបគុនខ្មែរជើងឯកពិភពលោក និងជាម្ចាស់ទ្រនំរបស់កីឡាករ ឈឿង ល្វៃ ប្រកាសលើកទឹកចិត្ត ដោយឧបត្ថម្ភម៉ូតូមួយគ្រឿង ប្រសិនបើកីឡាករ ឈឿង ល្វៃ ប្រកួតសងសឹងឈ្នះអ្នកលេងមួយថៃ សាមី បានឆាមេក…៕    សម្រួលដោយ  ដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង