ឡាវ ប្រឈមនឹងបំណុលបរទេស បើសេដ្ឋកិច្ចនៅតែបន្តចលាចល​

ក្រុមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo បានដាក់ប្រទេសឡាវទៅកាន់កម្រិតខ្ពស់បំផុតនៃចំណាត់ថ្នាក់ហានិភ័យនយោបាយទាំង ៧ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ។  ការដាក់ចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតនេះ ដោយសារតែ​ហិរញ្ញវត្ថុរបស់ប្រទេសឡាវ កាន់តែមានសភាពអាក្រក់ទៅៗ ។ បំណុលសាធារណៈឡាវ កើនឡើងពី ៦៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២១ និងឡើងដល់ ១២៨.៥ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការបង់ការប្រាក់វិញគឺលើសពី ២៥ ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋាភិបាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ គឺក្រោម ១០ ភាគរយប៉ុណ្ណោះ ។  ទន្ទឹមនោះ ទំហំនៃបំណុលសាធារណៈក៏កាន់តែមានសភាពអាក្រក់ទៅផងដែរ ដោយសារការដួលរលំនៃប្រាក់គីប ដែលបានបាត់បង់តម្លៃដល់ ៩០ ភាគរយធៀបនឹងប្រាក់ដុល្លារ នៅចន្លោះខែកញ្ញា ឆ្នាំ ២០២១ ដល់ឧសភា ឆ្នាំ ២០២៣ ។ ដូចគ្នានេះ ប្រាក់ចំណូលសាធារណៈ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ជាមធ្យមមានត្រឹមតែ ១២.៥ ភាគរយប៉ុណ្ណោះ​​នៃ GDP ។​ ម្យ៉ាងទៀត ដោយសារតែឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, កំណើន GDP សរុបឡាវក្នុងឆ្នាំ ២០២២ មាន ២.៣ ភាគរយ ចំណែកអតិផរណា កើនឡើងដល់ ៣៨.៨ ភាគរយក្នុងខែឧសភា ឆ្នាំ ២០២៣ ។ ក្រៅពីនេះ គ្រួសារឡាវនីមួយៗមានការចំណាយខ្ពស់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ហើយទុនបម្រុងរូបិយប័ណ្ណបរទេស​ឈរនៅកម្រិតទាបជារ៉ាំរ៉ៃ ចាប់តាំងពីឆ្នាំ ២០១១ មក ។  ស្របពេលជាមួយគ្នានេះ បើមិនមានការគាំទ្រពីពហុភាគីណាមួយនោះទេ សេដ្ឋកិច្ចឡាវនឹងត្រូវពឹងផ្អែកទាំងស្រុងលើម្ចាស់បំណុលដ៏សំខាន់បំផុតរបស់ខ្លួន គឺចិន ដើម្បីសម្របសម្រួលបំណុលណាមួយ ។ ទោះជាយ៉ាងណា កំណើនការនាំចេញទំនិញ​ដូចជា រ៉ែ និងថាមពលវារីអគ្គីសនី ក៏បង្ហាញពីភាពវិជ្ជមានដល់សេដ្ឋកិច្ចឡាវផងដែរ ខណៈដំណើរការឡើងវិញនៃសេដ្ឋកិច្ចចិន ក៏នឹងរួមចំណែកជំរុញឲ្យសេដ្ឋកិច្ចឡាវ ងើបឡើងវិញផងដែរ ៕  សម្រយលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង