ក្រោយសង្ស័យមានមន្ត្រីគប់គិតឱ្យនាំចូលទំនិញពីថៃគេចពន្ឋ អជ្ញាធរចុះបិតច្រករបៀងណងចាន់

ខេត្តបន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ បានយកលិខិតរដ្ឋបាលខេត្តចុះទៅបិតច្រករបៀងណងចាន់ ក្រោយទទួលព័ត៌មានថា មានមន្រ្តីតំបន់បានគប់គិតឱ្យមានការដឹកទំនិញចូលពីប្រទេសថៃ មករក្សាទុកក្នុងឃ្លាំងទំនិញចំនួន៤កន្លែងក្បែរព្រំដែនដោយមិនបង់ពន្ឋជូនរដ្ឋ ​ស្ថិតនៅ ភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។យោងតាមប្រភពពីមន្ត្រីយោធាម្នាក់នៅតាមបន្ទាត់ព្រំដែនបានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ បានជិះរថយន្តយកលិខិត១ច្បាប់ របស់រដ្ឋបាលខេត្តមកជម្រាបជូន​ និងឱ្យបិតច្រករបៀងណងចាន់​ ក្រោយមានសារព័ត៌មានចុះផ្សព្វផ្សាយថាលោក ប៉ែន សុគន្ធ ហៅប្រុញ មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៥១៤ បើកដៃឱ្យជនជាតិថៃឈ្មោះ ម៉ៃ ឡាត់ យកទំនិញគ្រប់ប្រភេទពីប្រទេសថៃ មកដាក់រក្សាទុកក្នុងឃ្លាំងចំនួន៤កន្លែងក្បែរព្រំដែន សម្រាប់លក់ចែកចាយដោយគ្មានបង់ពន្ធជូនរដ្ឋ ធ្វើឱ្យបាត់ចំណូលពន្ធ។  ​ប្រភពដដែលបានគូសបញ្ជាក់បន្ថែមថា អភិបាលរងខេត្តបានចុះមកបិតតែច្រករបៀងណងចាន់នេះទេក្រោយបែកធ្លាយព័ត៌មានចេញក្រៅ។ ដោយទ្បែក ច្រកផ្សេងៗទៀត នៅបន្តលួចលាក់នាំចូលទំនិញយ៉ាងរលូនដដែល និងសង្ឃឹមថាអាជ្ញាធរខេត្តបិតទាំងអស់ទើបស្មើភាពគ្នា។​ គួរបញ្ជាក់ដែរថា ខេត្តបន្ទាយមានជ័យមាន៤ស្រុក-ក្រុង ដែលជាប់ព្រំដែននឹងប្រទេសថៃ មានប្រវែង១៥៣គីឡូម៉ែត្រ និងមានច្រកអន្តរជាតិចំនួន២កន្លែង មានច្រកអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ និងច្រកទ្វារតំបន់ព្រំដែនចំនួន២កន្លែងទៀត មានច្រកតំបន់ព្រំដែនម៉ាឡៃ និងច្រកតំបន់ព្រំដែនបឹងត្រកួន៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង