តើទ្វីបណា ឡើងកម្តៅលឿនបំផុត លើពិភពលោក?

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ទ្វីបអឺរ៉ុប ត្រូវប្រឈមមុខនឹងរលកកម្តៅកាន់តែកាចសាហាវ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ អឺរ៉ុបមានការឡើងកម្តៅលឿនបំផុតលើពិភពលោក ពោលគឺកាលពីឆ្នាំមុន ទ្វីបនេះ ឡើងកម្តៅលើសកម្រិតមធ្យម ២.៣ អង្សាសេ។  បើគិតជាមធ្យមក្នុងរយៈពេល៣០ឆ្នាំ រាប់ចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០២១, សីតុណ្ហភាពនៅទូទាំងទ្វីបនេះ បានកើនឡើង ១.៥ អង្សាសេ ។  គ្រោះរាំងស្ងួតធ្ងន់ធ្ងរ សីតុណ្ហភាពលើផ្ទៃសមុទ្រក្នុងកម្រិតខ្ពស់ និងការរលាយទឹកកកក្នុងល្បឿនមិនធ្លាប់មានពីមុនមក គឺស្ថិតក្នុងចំណោមផលវិបាក ដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) និងទីភ្នាក់ងារផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។  ទ្វីបនេះ បានជួបប្រទះរដូវក្តៅក្តៅបំផុតក្នុងកំណត់ត្រាកាលពីឆ្នាំមុន ដោយប្រទេសមួយចំនួនរួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ និងចក្រភពអង់គ្លេស កំពុងតស៊ូនឹងឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។  (រូបថត៖ AP) កម្តៅពិភពលោកទាំងមូល បានឡើងលើសមធ្យមជិត ១.២ អង្សាសេ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨០០ ជាហេតុបង្កឲ្យមានព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ រួមទាំងរលកកម្តៅកាន់តែខ្លាំង គ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន និងព្យុះសាហាវៗផងដែរ។  អគ្គលេខាធិការ WMO លោក Petteri Taalas និយាយថា នៅទ្វីបអឺរ៉ុប សីតុណ្ហភាពខ្ពស់បានធ្វើឲ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅៗ បង្កជាភ្លើងឆេះព្រៃខ្លាំងក្លា និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។  កម្តៅដ៏ធ្ងន់ធ្ងរក្នុងទ្វីបនេះ បានបណ្តាលឲ្យមនុស្សជាង ១៦,០០០ នាក់ស្លាប់កាលពីឆ្នាំមុន ខណៈ ទឹកជំនន់ និងខ្យល់ព្យុះ បានបង្កការខូចខាតដល់វិស័យសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ២ ពាន់លានដុល្លារអាមេរិក៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង