ឃាត់ខ្លួនសិស្សជិត ១០ នាក់ ករណីវាយគ្នាបង្កឲ្យភាគីម្ខាងរបួស យកមកអប់រំ
សមត្ថកិច្ចឃាត់ខ្លួនសិស្សចំនួន ០៨ នាក់ ពាក់ព័ន្ធករណីវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យភាគីម្ខាងរងរបួស យកមកណែនាំអប់រំ និងធ្វើកិច្ចសន្យា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១៧ មិថុនា កន្លងទៅ នៅចំណុចដីឡូត៍មួយកន្លែង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ០៩ និង ០០ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សចំនួន ០៨ នាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ ៣១D ផ្លូវលេខ ២៧១ ក្រុមទី ០១ ភូមិ ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣។ ប្រតិបត្តិការខាងលើ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿងដល់សិស្សទាំង ០៨ នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ បច្ចុប្បន្នសិស្សទាំង ០៨ នាក់ ក្រោយពីធ្វើការដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ព្រមទាំងមានការធានាពីអាណាព្យាបាលរួចមក សមត្ថកិច្ចបានប្រគល់ជូនលោកនាយកសាលា ដើម្បីអប់រំនៅសាលាបន្ត៕ សម្រួលដោយ ទៀង បុណ្ណរី