ព្រះចៅអធិរាជជប៉ុន បំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះអង្គ ចាប់តាំងពីឡើងគ្រងរាជ្យក្នុងឆ្នាំ២០១៩

ព្រះចៅអធិរាជជប៉ុនណារ៉ូហ៊ីតូ Naruhito បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចន្ទទី១៩ ខែមិថុនា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះអង្គ ចាប់តាំងពីឡើងគ្រងរាជ្យក្នុងឆ្នាំ២០១៩។  ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនារបស់ព្រះចៅអធិរាជ ណារ៉ូហ៊ីតូ Naruhito និងព្រះអគ្គមហេសីម៉ាសាកុMasako ទៅកាន់ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍បានកើតឡើងបន្ទាប់ពីលោក វីដូដូ អញ្ជើញទ្រង់ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូកាលពីឆ្នាំមុន។ ព្រះអង្គ និងព្រះអគ្គមហេសី ​បាន​មកដល់​វិមាន​ប្រធានាធិបតី​មួយ​នៅ​ខាង​ត្បូង​រដ្ឋធានី​ហ្សាការតា ដែល​នៅ​អម​ដោយសំឡេងប្រជាជនកង​រំពងស្រែក​ជូនពរព្រះអង្គ​ថា «សូមស្វាគមន៍​មកកាន់​ឥណ្ឌូណេស៊ី!» និង​ក្រុម​ដើរ​ក្បួន​ដែល​លេង​ភ្លេង​ជាតិ​ជប៉ុន។ នៅមុន​ដំណើរ​ទស្សនកិច្ច​នេះ ព្រះចៅ​អធិរាជ​បាន​សម្តែង​ក្ដី​សង្ឃឹម​ថា ដំណើរ​ទស្សន​កិច្ច​របស់​ទ្រង់​នឹង «​រឹត​បន្តឹង​» នូវ​ទំនាក់ទំនង​របស់​ប្រទេស ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា​ឆ្លងកាត់រយៈពេល​ដ៏​លំបាក​ ដែល​សំដៅ​ទៅ​លើ​ការ​កាន់កាប់​របស់​ជប៉ុន​លើ​ឥណ្ឌូណេស៊ី​ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ​។  ទ្រង់បានមានព្រះបន្ទូលបន្តទៀតថា៖ «វាមានសារសំខាន់ណាស់ក្នុងការចងចាំអ្នកដែលបានបាត់បង់ជីវិត ស្វែងយល់ឱ្យស៊ីជម្រៅអំពីប្រវត្តិសាស្ត្រអតីតកាល និងបណ្តុះសេចក្ដីស្រឡាញ់សម្រាប់សន្តិភាព»។ បន្ថែមពីនោះ ព្រះចៅអធិរាជមានបន្ទូលថា ទ្រង់សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ ជំរុញឱ្យមានការចូលរួមកាន់តែច្រើនក្នុងចំណោមយុវជនឥណ្ឌូណេស៊ី និងជប៉ុន ដោយលើកឡើងថា ទ្រង់ និងព្រះអគ្គមហេសីទន្ទឹងរង់ចាំស្វែងយល់បន្ថែមអំពីប្រទេសនេះ។ លោក វីដូដូ បានប្រាប់អ្នកយកព័ត៌មានមុនពេលទទួលទានអាហារថ្ងៃត្រង់ផ្លូវការថា៖ «ដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជ និងព្រះអគ្គមហេសី ទៅកាន់ប្រទេសឥណ្ឌូណេស៊ីបានពង្រឹងបន្ថែមទៀតនូវមិត្តភាពរវាងប្រជាជនរបស់យើង។ មូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះគឺចាំបាច់សម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច»។  ទីក្រុងតូក្យូ និងហ្សាការតា បានផ្លាស់ប្ដូរដើម្បីជំរុញទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមន្ត្រីជប៉ុនបានលើកឡើងពីសារសំខាន់នៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌូណេស៊ី និងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅជិតផ្លូវដឹកជញ្ជូនសកល។ ជប៉ុន​បាន​គ្រប់គ្រង​ប្រទេស​ឥណ្ឌូណេស៊ី​ពី​ឆ្នាំ១៩៤២ អស់​រយៈពេល​ជាង៣ឆ្នាំ។ ការចុះចាញ់របស់ទីក្រុងតូក្យូក្នុងសង្គ្រាមលោកលើកទី២ ត្រូវបានបន្តដោយការបះបោរប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់ហូឡង់ និងឯករាជ្យភាពរបស់ឥណ្ឌូណេស៊ី។ នៅថ្ងៃអង្គារ ព្រះចៅអធិរាជ និងព្រះអគ្គមហេសី នឹងយាងទតទីបញ្ចុះសពយោធាក្នុងទីក្រុងហ្សាកាតា ជាកន្លែងដែលអតីតទាហានជប៉ុន២៨នាក់ បានស្នាក់នៅ និងប្រយុទ្ធក្នុងសង្គ្រាមឯករាជ្យឥណ្ឌូណេស៊ីឆ្នាំ១៩៤៥ ដល់១៩៤៩ ត្រូវបានបញ្ចុះ។  ទ្រង់ទាំង២ព្រះអង្គ ក៏នឹងទៅទតរថភ្លើងល្បឿនលឿន (MRT) ថ្មីមួយនៅទីក្រុងហ្សាកាតា ដែលត្រូវបានសាងសង់ឡើងដោយជំនួយរបស់ជប៉ុន និងស្ថានីយបូមទឹកដែលឧបត្ថម្ភដោយទីក្រុងតូក្យូ ដែលការពារទឹកជំនន់។ ព្រះចៅអធិរាជ និងព្រះអគ្គមហេសី ​បាន​បន្ត​មុខងារ​សាធារណៈ​ជា​បន្តបន្ទាប់​បន្ទាប់​ពី​ខកខាន​អំឡុង​ពេល​ការ​រាតត្បាតជំងឺ​កូវីដ-១៩។ កាលពីឆ្នាំមុន ទ្រង់ទាំង ២ ព្រះអង្គបានធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីការឡើងសោយរាជ្យ ដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រី Elizabeth II នៅទីក្រុងឡុងដ៍។ ព្រះចៅអធិរាជ ជប៉ុនមុនៗបានយាងទៅប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ ១៩៦២ និង ១៩៩១៕    សម្រយលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង