បត់ក្រោយមិនប្រុងប្រយ័ត្ន បង្កឱ្យរថយន្ត៣គ្រឿងបុកគ្នា ក្រឡាប់ផ្ងារជើង
កណ្តាល ៖ រថយន្តឡិចស៊ីសមួយគ្រឿងបានក្រឡាប់ផ្ងារជើង ប៉ើងគៀបនឹងបង្គោលភ្លើង ចំណែករថយន្តមួយគ្រឿងទៀត បានប៉ើងខ្ទាតទៅប៉ះនឹងរថយន្តមួយគ្រឿងផ្សេងទៀត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍អាក្រក់មួយ ដែលរថយន្តបុកគ្នាជាបន្តបន្ទាប់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ ០៤និង៤០នាទី រសៀលថ្ងៃទី១៨ មិថុនា ២០២៣ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅព្រំប្រទល់ភូមិកោះគរ និងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាក្សីដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ2BQ-4845 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់(រត់គេចខ្លួនក្រោយបង្ករគ្រោះថ្នាក់) បើកបរក្នុងទិសដៅពីត្បូង ទៅជើង(ស្អាង-តាខ្មៅ) នៅពេលមកដល់ចំណុចកើតហេតុ ក៏បានព្យាយាមបើកបត់ឆ្វេងឆ្លងទៅផ្លូវម្ខាងទៀត បំណងត្រឡប់ក្រោយ។ គាប់ជួនពេលនោះមានរថយន្តម៉ាក់LEXUS CT 200H ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BT-3984 បើកដោយដោយឈ្មោះ ហុង លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកកោះធំ បើកបរក្នុងទិសដៅពីជើងទៅត្បូង(តាខ្មៅ-ស្អាង) បុកចំចំហៀងរថយន្តព្រួសពណ៌ក្រហមផ្នែកខាងស្តាំ បណ្តាលឱ្យរថយន្តLEXUSក្រឡាប់ផ្ងារជើង ហើយបោកផ្ទប់ទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ទើបឈប់ស្ងៀម តែអ្នកបើកបររងរបួសស្រាល។ ចំណែកឯរថយន្តព្រូសនោះ ក៏បានប៉ើងទៅម្ខាងផ្លូវ បណ្តាលឱ្យបុករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1608 ១គ្រឿងផ្សេងទៀត បើកបរដោយឈ្មោះ ហេង រតនា ភេទប្រុស អាយុ៣២ឆ្នាំ រួមដំណើរដោយប្រពន្ធនិងកូនចំនួន៤នាក់ ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើង បុកបណ្តាលឱ្យផ្ទុះពោងប៉ុន្តែសំណាងរងរបួសស្រាលទាំងអស់គ្នា។ ក្រោយបង្កហេតុ អ្នកបើកបររថយន្តព្រូសពណ៌ក្រហម ក៏បានចុះពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ចំណែកឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហើយបន្ទាប់មក កម្លាំងជំនាញចរាចរណ៍ជើងគោកធ្វើការវាស់វែង ក៏បានហៅរថយន្តមកស្ទួចរថយន្តទាំង៣គ្រឿង យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំភាគីទាំង៣ ចូលមកធ្វើការដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕ សម្រួលដោយ ទៀង បុណ្ណរី