មន្ត្រីនគរបាលម្នាក់សម្រេចបញ្ចប់ជីវិតដោយបា.ញ់.ស.ម្លា.ប់ខ្លួនក្នុងរថយន្ត ខណៈមានបញ្ហាក្នុងគ្រួសារ
ស្វាយរៀង៖ ដោយសារមានជំងឺប្រចាំកាយ និងមានបញ្ហាក្នុងគ្រួសារ មន្ត្រីនគរបាលម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ដ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥:២៥នាទីល្ងាចថ្ងៃទី១៨មិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ យោងតាមមន្ត្រីនគរបាលស្រុកកំពង់រោទ៍ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៅ ទិត្យរីណា ភេទប្រុស អាយុ៣៦ឆ្នាំ មានតួនាទីជាមន្ត្រីនគរបាលជាតិ និងមានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ បើតាមចម្លើយរបស់លោក សៅ សាមាន ត្រូវជាឪពុក ដែលស្នាក់ក្រោមដំបូលផ្ទះតែមួយបានឱ្យដឹងថា កូនប្រុសរបស់គាត់ មានជំងឺប្រចាំកាយច្រើនឆ្នាំមកហើយព្យាបាលពុំជាសះស្បើយ ស្រាប់តែនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មុនកើតហេតុ កូនប្រុសរបស់គាត់គ្រាន់តែបើករថយន្តចូលដល់ផ្ទះ មួយសន្ទុះក្រោយមក ឮសូរសំឡេងផ្ទះកាំភ្លើង ក្រុមគ្រួសាររត់ចេញមកមើល ឃើញជនរងគ្រោះស្លាប់ក្នុងរថយន្តបាត់ទៅហើយ និងបានផ្អើលឆោឡោនាំគ្នាលើកចេញដាក់លើគ្រែ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះប្រើប្រាស់កាំភ្លើងម៉ាកCZP07 ពណ៌ខ្មៅបាញ់ចំសៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត។ សពជនរងគ្រោះក្រោយពីជំនាញគ្រូពេទ្យពិនិត្យកោសល្យវិច័យ រួចក៏បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សម្រួលដោយ ទៀង បុណ្ណរី