អ្នកជំនាញUNលើកឡើងពីការព្រួយបារម្ភអំពីកាធ្វើទារុណកម្មដោយយោធារុស្ស៊ីលើជនស៊ីវិល និងអ្នកទោសសង្គ្រាម

អ្នកជំនាញរបស់អង្គការសហប្រជាជាតិមួយក្រុម បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនាថា ពួកគេបានទាក់ទងទៅកាន់ទីក្រុងមូស្គូដោយលើកឡើងពីការព្រួយបារម្ភអំពីកាធ្វើទារុណកម្មដោយយោធារុស្ស៊ីលើជនស៊ីវិល និងអ្នកទោសសង្គ្រាម។  អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការធ្វើទារុណកម្មរួមមានការឆក់អគ្គិសនី យកក្រណាត់រុំក្បាល និងការគម្រាមប្រហារជីវិត ហើយត្រូវបានអនុវត្តដើម្បីសួរចម្លើយ ការបង្ខំឱ្យសារភាព ឬជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា គាំទ្រកងកម្លាំងអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ទង្វើដ៏ឃោរឃៅទាំងនេះអាចបណ្តាលឱ្យខូចខាតដល់សរីរាង្គខាងក្នុង ប្រេះឆ្អឹង និងបាក់ឆ្អឹង ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវចិត្ត។ ទោះយ៉ាងនេះក្ដី អ្នកនាំពាក្យបេសកជនការទូតរបស់រុស្ស៊ីនៅទីក្រុងហ្សឺណែវមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។  កន្លងមក ទីក្រុងមូស្គូបានបដិសេធការធ្វើទារុណកម្ម ឬធ្វើបាបអ្នកទោសសង្គ្រាម ហើយអះអាងថា ខ្លួនមិនមានចេតនាកំណត់គោលដៅជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែននោះទេ។ ខណៈពេលដែលការចោទប្រកាន់ពីការធ្វើទារុណកម្មពីមុនត្រូវបានកម្រិតប្រឆាំងនឹងភាគីទាំងពីរនៅក្នុងជម្លោះរយៈពេល ១៥ ខែ ក្រុមអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិបានលើកឡើងថា វិធីសាស្ដ្ររបស់កងកម្លាំងរុស្ស៊ីអាចនឹងត្រូវបានយល់ព្រមដោយរដ្ឋ។  អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើការប្រឆាំងការធ្វើទារុណកម្ម លោកស្រី  Alice Jill Edwards ដែលបានផ្ញើលិខិតនោះ នៅថ្ងៃទី ១២ ខែមិថុនា រួមជាមួយអ្នកជំនាញឯករាជ្យមួយចំនួនទៀតបានលើកឡើងថា៖« ភាពស៊ីសង្វាក់គ្នា និងវិធីសាស្ដ្រនៃការធ្វើទារុណកម្មដែលត្រូវបានចោទប្រកាន់បានស្នើកម្រិតនៃការសម្របសម្រួល ការធ្វើផែនការ និងការរៀបចំ ក៏ដូចជាការអនុញ្ញាតដោយផ្ទាល់ គោលនយោបាយដោយចេតនា ឬការអត់ឱនជាផ្លូវការពីអាជ្ញាធរថ្នាក់លើរបស់រុស្ស៊ី»។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា ៖«ការធ្វើតាមបញ្ជាថ្នាក់លើ ឬទិសដៅគោលនយោបាយមិនអាចត្រូវបានគេហៅជាហេតុផលសម្រាប់ការធ្វើទារុណកម្មទេ ហើយបុគ្គលណាក៏ដោយដែលពាក់ព័ន្ធគួរតែត្រូវបានស៊ើបអង្កេត និងកាត់ទោសភ្លាមៗដោយអាជ្ញាធរឯករាជ្យ»។ គួរបញ្ជាក់ថា នៅក្រោមប្រព័ន្ធរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលមួយមានពេល ៦០ ថ្ងៃដើម្បីផ្តល់ការឆ្លើយតបជាផ្លូវការ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង