អាជ្ញាធរស្រុកសេសានត្រៀមដីជាង៣ពាន់ហិកតា ចែកជូនប្រជាពលរដ្ឋ
អាជ្ញាធរស្រុកសេសានរៀបចំដីសម្បទានសង្គមកិច្ច មានចំនួនជាង៣ពាន់ហិកតាសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះអ្នកខ្វះខាតដី សម្រាប់ធ្វើលំនៅដ្ឋានរស់នៅ និងប្រកបរបរកសិកម្ម ដោយស្របច្បាប់នៅក្នុងឃុំចំនួន៣ ។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលហៅថាគម្រោង(ឡាហ្សិតស៊្រី) សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ឃុំស្រែគរ និងឃុំភ្លុក ដែលរស់នៅគ្មានដីសង់លំនៅដ្ឋាន និងដីកសិកម្ម ត្រូវទៅដាក់ពាក្យស្នើសុំនៅសាលាឃុំ ចាប់ពីថ្ងៃទី១៥មិថុនា តទៅមានរយៈពេល២២ថ្ងៃ។ លោកបន្តថា នៅពេលដែលបងប្អូនបានមកដាក់ពាក្យសុំដីនេះហើយ អាជ្ញាធរមូលដ្ចាននឹងធ្វើការពិនិត្យវិនិច្ឆ័យវាយតម្លៃទៅតាមគ្រួសារនិមួយៗ ដើម្បីរៀបចំផ្តល់ដីជូនប្រកបដោយមានតម្លាភាព ហើយដោយឡែកគម្រោងដីសម្បទានសេដ្ឋកិច្ចនេះទៀតសោធក៍ នឹងផ្តល់ជូនប្រជាពលរដ្ឋនៅហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការផ្តល់សេវាសាធារណៈមានផ្លូវ សាលារៀន លូ ប្រឡាយ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ហើយវត្តអារាម ហើយយើងរៀបចំជាភូមិដែលមានសោភណ្ឌភាពស្អាត មានវាស់វែងជាឡូត៍ ជាប្លង់ច្បាស់លាស់ ហើយបងប្អូនអាចទៅរស់នៅបានប្រកបដោយផាសុខភាព។ លោក ភ្លេត សំណាង ប្រជាពលរដ្ឋរស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ បានចាត់ទុកថា នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាតម្រូវការចាំបាច់ ហើយប្រជាពលរដ្ឋនឹងទទួលបានដីសម្រាប់រស់នៅ និងធ្វើកសិកម្មដោយស្របច្បាប់។ ចំពោះរូបលោកបានដីនោះមកលោកនឹងកសាង ទីមួយដើម្បីកសាងផ្នែកកសិកម្មធ្វើស្រែធ្វើភ្លឺ ទី២ទៀតគឺយើងមានស្ថិរភាពគឺដីនោះវាស្របច្បាប់ដើម្បីយើងកសាងផ្នែកកសិកម្មធ្វើស្រែធ្វើភ្លឺ និង ហើយនៅជនបទ។ លោកស្រី វង្ស សារ៉ាន់ រស់នៅភូមិឃុំនេះដែរបានសាទរជាមួយគម្រោងផ្តល់ដីនេះ ហើយលោកស្រីនឹងរៀបចំឯកសាររួមមាន សៀវភៅគ្រួសារ-អត្តសញ្ញាណប័ណ្ណ-សៀវភៅស្នាក់នៅ និងរូបថតយកទៅដាក់ជូនអាជ្ញារដើម្បីបំពេញលក្ខខ័ណ្ឌឱ្យបានត្រឹមត្រូវតាមនីតិវិធី ។ សូមបញ្ចាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ដីនេះ អាជ្ញាធរ-មន្ត្រីជំនាញ នឹងធ្វើការវាយតម្លៃចំពោះ អ្នកស្នើសុំ ត្រូវមានចំណូលតិចជាង ឬស្មើបន្ទាត់ភាព ក្រីក្រ ជាប្រភេទគ្រួសារស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទក្រ១ និងក្រ២ នឹងទទួលបានដីសម្រាប់សង់លំនៅដ្ឋាន ទំហ៊ំ៤០ម៉ែត្រ គុណនឹង៦០ម៉ែត្រ និងដីកសិកម្មចាប់ពី៣ហិកតាទៅ៥ហិកតា ទៅតាមគ្រួសារដែលមានសមាជិកតិចឬច្រើន៕ សម្រួលដោយ ទៀង បុណ្ណរី