ទេសចរបរទេសជាង១លាន៧សែននាក់មកកម្សាន្តនៅកម្ពុជា ក្នុងនោះភ្ញៀវថៃមកច្រើនជាងគេអំឡុង៤ខែដំបូងឆ្នាំ២០២៣
ភ្ញៀវទេសចរបរទេសប្រមាណជាង១លាន៧សែននាក់ បានធ្វើដំណើរមកកម្ពុជានៅរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ។ ចំនួននេះកើនឡើង៦១៣ភាគរយ បើធៀបនឹងទេសចរបរទេសដែលកម្ពុជាទទួលបាន កាលពី៤ខែ ឆ្នាំ២០២២។ នេះបើតាមស្ថិតិទេសចរណ៍ប្រចាំខែមេសារបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១៤មិថុនា ឆ្នាំ២០២៣។ បើតាមរបាយការណ៍ កាលពីត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរបរទេសសរុបជាង១ ២៩០ ០០០នាក់ ខណៈនៅខែមេសាដែលជារដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលបានទេសចរបរទេស ជាង៤សែន៣ម៉ឺននាក់។ ចំនួនកាលពីខែមេសា មានការធ្លាក់ចុះតិចតួច បើធៀបនឹងខែមីនាចុងត្រីមាសទី១ ដែលកាលនោះមានទេសចរជាង ៤សែន៥ម៉ឺននាក់ បានចូលមកដល់។ ទោះយ៉ាងណាសរុបនៅ៤ខែចុងក្រោយ ទេសចរសរុបដែលទទួលបានទាំងជាង១លាន៧សែន មានកំណើនខ្លាំងដល់ទៅ៦១៣ភាគរយធៀបមនឹង៤រយៈពេលដូចគ្នា ឆ្នាំ២០២២។ ភាគច្រើននៃទេសចរទាំងនេះ បានធ្វើដំណើរចូលមកកម្ពុជាតាមច្រកជើងគោក និងជើងទឹកសរុបមានចំនួនជាង១លាន៨ម៉ឺននាក់ ក្នុងនោះតាមច្រកព្រំដែនគោកមានជាង១លាន៦ម៉ឺននាក់ និងតាមផ្លូវទឹកមានមានជាង២ម៉ឺន២ពាន់នាក់។ ក្រៅពីនេះ ទេសចរតាមជើងយន្តហោះ មានជាង៦សែន៣ម៉ឺននាក់ ដែលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកមកដល់ច្រើនជាងគេល់ទៅ២៦,៤ភាគរយនៃចំនួនទេសចរសរុប។ គួរជម្រាបថា ទេសចរជនជាតិថៃ នៅតែឈរលើកំពូលតារាង ក្នុងចំណោមភ្ញៀវអន្តរជាតិដែលមកលេងនៅកម្ពុជាច្រើនជាងគេដដែល បន្ទាប់មកគឺវៀតណាម និងចិន។ ក្នុងនោះភ្ញៀវថៃមានជាង ៥៧ម៉ឺននាក់ វៀតណាមជិត២៩ម៉ឺននាក់ និងជនជាតិចិនជាង ១៨ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រសួងដដែលនេះ ធ្លាប់បានដាក់គោលដៅថានឹងស្រូបទាញទេសចរណ៍ឱ្យបានដល់៤លាននាក់នៅឆ្នាំ២០២៣នេះ៕ សម្រួលដោយ ទៀង បុណ្ណរី