ជឿសាសនាជ្រុល! មនុស្សនៅកេនយ៉ាជាង៣០០នាក់ បានស្លា.ប់ដោយសារបង្អត់អាហារខ្លួនឯង
ចំនួនអ្នកស្លាប់ដោយសារការបង្អត់អាហារនៅប្រទេសកេនយ៉ា បានកើនឡើងលើសពី៣០០នាក់ កាលពីថ្ងៃអង្គារទី១៣មិថុនា បន្ទាប់ពីអាជ្ញាធររកឃើញសាកសពបន្ថែមទៀតនៅក្នុងព្រៃ ដែលជាសោកនាដកម្មទាក់ទងនឹងការគោរពសាសនា ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះ…។ អាជ្ញាធរប៉ូលីសនៅតំបន់ខាងលើបានឱ្យដឹងថា អ្នកស្លាប់ គឺជាសមាជិកនៃសាសនាចក្រ Good News International ដឹកនាំដោយលោក ភូល ម៉ាកខេនហ្ស៊ី (Paul Mackenzie) ដែលត្រូវបានចោទប្រកាន់ថា បានបញ្ជាឱ្យអ្នកដើរតាមរបស់លោកបង្អត់អាហារខ្លួនឯង និងកូនរបស់ពួកគេឱ្យស្លាប់ ដើម្បីពួកគេអាចបានទៅស្ថានសួគ៌មុនពេលចុងបញ្ចប់នៃពិភពលោក។ ពេលនេះ មនុស្សសរុបចំនួន៣០៣នាក់បានស្លាប់ បន្ទាប់ពីសាកសពចំនួន១៩នាក់ ត្រូវបានគាស់ចេញពីផ្នូរដ៏ធំនៅក្នុងព្រៃហ្សាកាហូឡា Shakahola នៅភាគអាគ្នេយ៍របស់ប្រទេស។ មន្ត្រីក្នុងតំបន់លោកស្រី រ៉ូដា អូនីយ៉ាន់ចា (Rhoda Onyancha) បានអះអាងថា មនុស្សជាង៦០០នាក់ នៅតែត្រូវបានគេរាយការណ៍ថាកំពុងបាត់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកស៊ើបអង្កេត កាលពីសប្តាហ៍មុនបានពង្រីកការស្វែងរករបស់ពួកគេ ដើម្បីគ្របដណ្ដប់តំបន់ឱ្យកាន់តែទូលាយ ដើម្បីព្យាយាមស្វែងរកចំនួនជនរងគ្រោះបន្ថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដើរតាមគ្រូគង្វាល ដែលបានត្រូវជួយសង្គ្រោះប្រហែល ៦៥នាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃចន្ទទី១២ ខែមិថុនា បន្ទាប់ពីពួកគេបានបដិសេធមិនព្រមទទួលទានអាហារចន្លោះថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី១០ ខែមិថុនា អំឡុងពេលស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ។ ទាក់ទិននឹងការគោរពដ៏សែនងប់ងុលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក គីដឺរ៉េ គីនឌីគី (Kithure Kindiki) បានសម្តែងការព្រួយបារម្ភជាខ្លាំង កាលពីខែមុនថា អ្នកដើរតាមលោក ម៉ាកខេនហ្ស៊ី ដែលត្រូវបានជួយសង្គ្រោះមួយចំនួន បានបដិសេធមិនបរិភោគអាហារ ខណៈមានម្នាក់ក្នុងចំណោមពួកគេបានស្លាប់។ សូមរំឭកសាជាថ្មីថា លោក ម៉ាកខេនហ្ស៊ី បានប្រគល់ខ្លួនទៅប៉ូលិសក្នុងខែមេសា ហើយត្រូវបានបដិសេធមិននៅក្រៅឃុំកាលពីខែមុន។ លោកត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានសម្លាប់កុមារពីរនាក់ដោយការបង្អត់អាហារ និងផ្ទប់ដង្ហើមកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបានដោះលែងជាបន្តបន្ទាប់។ គ្រូគង្វាលនេះបានព្យាករណ៍ថា ថ្ងៃបញ្ចប់នៃពិភពលោកចន្លោះពីខែសីហា ដល់ថ្ងៃទី១៥ ខែមេសា៕ សម្រួលដោយ ទៀង បុណ្ណរី