អូយ ចៅយាយអ៊ើយ អីក៏រពឹសម្ល៉េះ?! បេះដូងចង់គាំង ឮចៅស្រែកយំឡើងខ្ទរផ្ទះ យាយរត់ចេញមកមើល តែរកអត់ឃើញ ព្រោះរត់ហួសចៅ…
យាយភ្ញាក់ព្រើត ឮសូរសំឡេងចៅស្រែកយំឡើងខ្ទរផ្ទះ ប្រញាប់រត់ចេញមកមើល តែរកយ៉ាងម៉េច ក៏រកមិនឃើញ…ការពិត រត់ហួសចៅឡើង ២-៣ត្រឡប់ ដល់មើលកាមេរ៉ាសុវត្ថិភាព បានអស់សំណើចតាមក្រោយ…ឃ្លីបវីដេអូល្បីមួយ ដែលបានថតទុកដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះរបស់គ្រួសារមួយ នៅក្នុងមណ្ឌលជើចៀង ប្រទេសចិន បានបង្ហាញថា មានក្មេងស្រីតូចម្នាក់កំពុងលេងតែម្នាក់ឯងនៅក្នុងបន្ទប់អង្គុយលេងក្នុងផ្ទះ…នាងតូចព្យាយាមចូលទៅនៅក្នុងថង់ការុងពណ៌ទឹកក្រូចមួយ មុននឹងរូតខ្សែរូតបិទយ៉ាងជិត…តែវិនាទីតមក នាងតូចដឹងខ្លួនថាមិនអាចចេញពីថង់ការុងនោះមកវិញបាន ក៏មានអារម្មណ៍ភិតភ័យ និងស្រែកយំយ៉ាងខ្លាំង ធ្វើឱ្យលោកយាយដែលនៅខាងក្រោយផ្ទះ ភ្ញាក់ព្រើត និងរត់ចេញមករកមើលចៅ…។ ពីដំបូង លោកយាយរត់ចេញមកដោយក្ដីកង្វល់ និងខ្វល់ខ្វាយចិត្តយ៉ាងខ្លាំង ធ្វើឱ្យរត់ហួសថង់ការុងពណ៌ទឹកក្រូចនោះ ទៅ-មក ម្ដងហើយម្ដងទៀត…និងមើលទៅគាត់ហាក់ដូចជាមានក្ដីកង្វល់កាន់តែខ្លាំងឡើងៗ នៅពេលបានឮសំឡេងចៅស្រែកយំឥតឈប់ តែបែរជារកចៅមិនឃើញ…តែ ក្រោយពីមើលឃើញថង់ការុងដែលនៅលើកម្រាលឥដ្ឋក្បែរជើងខ្លួនឯង កំពុងកម្រើកខ្វើកៗ លោកយាយក៏ចាប់ផ្ដើមយល់ពីស្ថានការណ៍នោះភ្លាមតែម្ដង រួចហើយក៏ប្រញាប់រូតខ្សែរូតថង់ការុងនោះឡើង រួចលើកចៅចេញមកក្រៅដោយសុវត្ថិភាព។ យ៉ាងណាក្ដី ទោះជារឿងរ៉ាវនេះ លោកយាយអាចនឹងមានអារម្មណ៍នឹកអស់សំណើចចំពោះខ្លួនឯង ក្រោយពីមើលឃើញក្នុងកាមេរ៉ាសុវត្ថិភាពហើយក៏ដោយ តែបើសម្លឹងមើលពីទង្វើរបស់ក្មេងបែបនេះវិញ វាអាចបង្កជាគ្រោះថ្នាក់ដល់ជីវិតបាន បើសិនជាគ្មាននរណាម្នាក់នៅផ្ទះ ហើយក្មេងតូចអាចនឹងត្រូវជាប់នៅក្នុងនោះ រហូតដល់ដាច់ខ្យល់ស្លាប់បាន។ ដូច្នេះ អាណាព្យាបាលទាំងឡាយ គួរតែអប់រំណែនាំ ហាមប្រាម ឬប្រាប់កូនចៅរបស់ខ្លួនឯងឱ្យបានល្អិតល្អន់ អំពីគ្រោះថ្នាក់នៃការលេងរពឹសខុសរឿងបែបនេះ ទើបជាការប្រសើរ៕