លិចទូកដ ដឹកភ្ញៀវមកពីពិធីមង្គលការ ស្លាប់មនុស្ស ១០០នាក់ នៅនីហ្សេរីយ៉ា
ទូកដ ដឹកភ្ញៀវត្រលប់មកពីពិធីមង្គលការ បានលិចនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយបណ្តាលឲ្យមនុស្សប្រហែល១០០នាក់បាត់បង់ជីវិត។ អ្នកនាំពាក្យប៉ូលិស លោក Okasanmi Ajayi បាននិយាយនៅថ្ងៃពុធទី១៤ខែមិថុនាថា ទូកនេះបានលិចនៅលើទន្លេនីហ្សេរ ក្នុងរដ្ឋ Kwara ក្រោយវិលត្រលប់ពីពិធីមង្គលការមួយនៅក្នុងភូមិ Egboti ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា តើមានអ្នកនៅរស់ដែរឬក៏អត់។ គួរបញ្ជាក់ថា ឧប្បត្តិហេតុស្រដៀងគ្នា បានកើតឡើងកាលពីអតីតកាលក្នុងតំបន់នេះ ដែលស្ថិតនៅជិតចំណុចប្រសព្វរវាងទន្លេ នីហ្សេរ និង បេនូ ដែលជាទន្លេវែងជាងគេទាំង២ នៅទ្វីបអាហ្វ្រិក ខណៈក្នុងខែឧសភា ឆ្នាំ២០២១ ទូកមួយបានលិចនៅតំបន់ដដែលនេះ ដោយសម្លាប់មនុស្សប្រមាណ ១៦០នាក់៕ សម្រួលដោយ ទៀង បុណ្ណរី