សមាគមនិស្សិត អ.ម.ត និងសមាគមCIDA រៀបចំសិក្ខាសាលាជម្រុញវិនិយោគផ្នែកកសិកម្មនិងកិច្ចគាំពារច្បាប់

ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ “CIDA” និង សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ឆ្នាំង ដែលមានលោកជំទាវ សេង វួចហ៊ុន ជាប្រធាន បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលើប្រធានបទស្ដីពី “ការជម្រុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់” នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពនៃ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ នៃក្រសួងយុត្ដិធម៌, ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាទីប្រឹក្សានៃសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍, លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង និង ជាប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ (CIDA) និងលោក យ៉ង ភិរម្យ ជាអភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង ។
វាគ្មិនធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះមាន ចំនួន ០៣រូប គឺ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្ដកំពង់ឆ្នាំង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ព្រមទាំង លោក ម៉ុង មុន្នីសោភា ចៅក្រម នៃសាលាឧទ្ធរណ៍បាត់ដំបង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ។  សិក្ខាសាលាកាមចំនួន ៤០០នាក់ ដែលមានសមាសភាពមកពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ សមាគមកសិកម្ម សមាគមម៉ាសុីនកិនស្រូវ ដែលនៅចំណុះឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, សមាគមទេសចរដែលនៅចំណុះឲ្យមន្ទីរទេសចរណ៍ ព្រមទាំង សិស្សនិស្សិតមកពីវិទ្យាល័យ និង មហាវិទ្យាល័យសំខាន់នានារបស់ខេត្តដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា ។  សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធ ដល់អ្នកចូលរួម និង សាធារណជន ក្នុងគោលបំណង ជម្រុញដល់ការអភិវឌ្ឍ និងការវិនិយោគលើវិស័យកសិកម្មដែលជាវិស័យអាទិភាពសម្រាប់ខេត្តកំពង់ឆ្នាំង ស្របតាមល្បឿន និង គោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង