កម្ពុជាខាតបង់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ ដោយសារការប្រែប្រួលអាកាសធាតុ

ខេត្តពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា តាមការសិក្សាកន្លងមក កម្ពុជាបានខាតបង់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ ដោយសារការប្រែប្រួលអាកាសធាតុ…។  ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្នុងយុទ្ធនាការជាមួយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មា​ន ស្តីពីកម្មវិធីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា នៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនានេះ​ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «កម្ពុជា ខាតបង់ជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំ ពីខ្យល់កន្ត្រាក់ធ្វើឱ្យរំលំផ្ទះ ទឹកជំនន់ធ្វើឱ្យលិចលង់ដំណាំ ខូចខាតហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ សាលារៀន ហើយនឹងគ្រោះរាំងស្ងួត ធ្វើឱ្យបាត់បង់ផលដំណាំរបស់ប្រជាជលរដ្ឋជាច្រើន»។  ​ទោះយ៉ាងណា​ បើប្រៀបធៀបទៅនឹងប្រទេសដទៃខ្លះ គឺពិបាកជាងប្រទេសកម្ពុជាឆ្ងាយណាស់ ដូចជា៖ ប្រទេសហ្វីលីពីនជាដើម ប្រោះប្រទេសក្នុងតំបន់ប្រជុំកោះមួយនេះ ការប្រែប្រួលអាកាសធាតុញឹកញាប់​ថ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើកិច្ចអភិវឌ្ឍប្រទេស។ លោក ជួប ប៉ារីស៍ បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងដឹងហើយថា ការប្រប្រែប្រួលអាកាសធាតុ នឹងមានរហូតមិនអាចថយក្រោយទេ ទឹកជំនន់ក៏មាន កាន់តែច្រើនទៅៗ ខ្យល់ព្យុះក៏មានច្រើនដែរ គ្រោះរាំងស្ងួតក៏មាន។ អ៊ីចឹង[..]យើងធ្វើយ៉ាងណាត្រូវបន្សាំ ដូចជាធ្វើផ្លូវឱ្យធំៗ ហើយធ្វើផ្ទះឱ្យធំៗ ដើម្បីការពារពីខ្យល់ព្យុះជាដើម​។ ការប្រប្រួលអាកាសធាតុជារឿងពិភពលោក ហើយផលវិបាកនេះ ពីការកើតឡើងខ្យល់ព្យុះ ទឹកជំនន់ នឹងគ្រោះរាំងស្ងួតសំខាន់ណាស់៣នេះ​។ ពិភពលោកកំពុងនាំគ្នាការពាហើយ ប៉ុន្តែមិនអាចថយមកវិញបានទេ ចឹង..! យើងទាំងអស់គ្នាត្រូវតែនាំគ្នាប្រុងប្រយ័ត្ន»។  សូមបញ្ជាក់ថា របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចមានចំណងជើងថា “គំរូផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចកម្ពុជា” ដែលរៀបចំឡើងដោយក្រសួង ហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាព ជាមួយការគាំទ្របច្ចេកទេសពីយូអិនឌី​ភី(​UN​DP​) បានឱ្យដឹងថា នៅឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យប៉ះពាល់ដល់ផលិតភាពការងារ ព្រោះតែការហក់ឡើងខ្ពស់នៃសីតុណ្ហភាពដែលជាមូលហេតុចម្បងនាំឱ្យកម្មករអស់កម្លាំង និងបន្ថយសកម្មភាពក្នុងការងារ។ ​ការប្រែប្រួលអាកាសធាតុ បណ្តាល​ឱ្យ​កើតមាន​គ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់ព្យុះ​កាន់តែ​ច្រើន​ ដែល​នឹង​កាត់បន្ថយ​នូវ​ផលិតភាព​ធនធាន ជាពិសេស ​លើ​វិស័យ​កសិ​កម្ម និង​ជលផល​ហើយ​នឹង​បង្កើន​ការខូចខាត​ដោយសារ​តែ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​ផ្លូវថ្នល់​ ប្រភព​ផ្គត់ផ្គង់​ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ផ្សេងទៀត​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង