ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជិតតៃវ៉ាន់ ឯអាមេរិក បង្ហាញសាច់ដុំយោធា នៅមហាសមុទ្រប៉ាស៊ីហ្វិក
នៅថ្ងៃអង្គារទី១៣ខែមិថុនា ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធានៅសមុទ្រចិនខាងកើត ដល់ភាគខាងជើងកោះតៃវ៉ាន់ រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតពីនាវាចម្បាំងផងដែរ។ សមយុទ្ធនេះកើតឡើង ចំពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាជប៉ុន កាណាដា និងបារាំង ក៏ធ្វើសមយុទ្ធចតុភាគី នៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិចដែរ។ កងនាវាចរទី៧របស់សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនោះមានការចូលរួមពីនាវាផ្ទុកយន្តហោះចំនួន២ក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះអាមេរិក USS Nimitz និង USS Ronald Reagan ដែលធ្វើការរួមគ្នាជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ២០២០មក។ ងាកមកប្រទេសចិនឯណេះវិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រទីក្រុងប៉េកាំង បានចេញការព្រមានអំពីតំបន់ហាមនាវាឆ្លងកាត់ ចាប់ពីព្រលឹមដល់រសៀលថ្ងៃអង្គារ នៅជិតទីក្រុង Taizhou ក្នុងខេត្ត Zhejiang សម្រាប់សមយុទ្ធបាញ់គ្រាប់ពិតចេញពីនាវាចម្បាំង។ ទន្ទឹមនោះ សមយុទ្ធផ្សេងទៀតនៅជុំវិញទីតាំងដូចគ្នានេះ នឹងបន្តរហូតដល់ល្ងាចថ្ងៃអង្គារ។ សមយុទ្ធទាំងនេះគឺស្ថិតនៅជិតប្រជុំកោះ Dachen ដែលជាកន្លែងតៃវ៉ាន់គ្រប់គ្រងរហូតដល់ឆ្នាំ១៩៥៥ រហូតដល់មនុស្សត្រូវជម្លៀសចេញ បន្ទាប់ពីកោះផ្សេងទៀតនៅក្បែរនោះ ត្រូវបានកងកម្លាំងចិនរឹបអូសក្នុងសមរភូមិបង្ហូរឈាម។ លើសពីនេះ ទីភ្នាក់ងារសុវត្ថិភាពដែនសមុទ្របាននិយាយថា ប្រទេសចិននឹងធ្វើសមយុទ្ធដាច់ដោយឡែក នៅតំបន់ភាគខាងជើងមួយទៀតនៃសមុទ្រចិនខាងកើត រហូតដល់រសៀលថ្ងៃពុធ៕ សម្រួលដោយ ដោយ ទៀង បុណ្ណរី