ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៦០រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖ របៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។ សេចក្តីព្រាងក្រមនេះមានគុណប្រយោជន៍៖ -ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព -កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន-ធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ -ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់ -បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ -ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះ-បណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ -ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រម-ទាំងមន្រ្តីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕